កម្ពុជា

អេង ឆៃអ៊ាង៖ ដើម្បី​បាន​សញ្ញាប័ត្រ ត្រូវរៀន​ជំនាញជេរ ពី ហ៊ុន សែន សិន

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងចំអក នៅថ្ងៃនេះ ថាដើម្បីទទួលបានសញ្ញាប័ត្រ និស្សិតខ្មែរ «ត្រូវរៀន​ជំនាញជេរ» ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានរយៈពេល ពីរម៉ោងសិន។

នៅក្នុងរយៈពេលចុងក្រោយ លោក ហ៊ុន សែន ដែលបានចុះចែកសញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា សឹងតែមិនលោះពេល បានយកវេទិកាទាំងនោះ ដើម្បីថ្លែងសារនយោបាយ តបទៅក្រុមប្រឆាំង និងក្រុមអ្នកវិភាគ ដែលតែងតែរិះគន់ ការដឹកនាំរបស់លោក។

មិនត្រឹមតែឆ្លើយតបធម្មតាទេ តែបុរសខ្លាំងកម្ពុជា ថែមទាំងបានប្រើពាក្យពេជន៍​អសុរោះ ដោយការជេរប្រទេចធ្ងន់ៗ ដូចជាការ«ជេរម៉ែរ»អ្នករិះគន់ នៅក្នុងការថ្លែងមួយ របស់លោក នៅចំពោះនិស្សិតច្រើនពាន់នាក់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះជាដើម។

កាយវិការរបស់លោក ហ៊ុន សែន បានទទួលការចំអក ពីលោក អេង ឆៃអ៊ាង នៅថ្ងៃនេះថា៖

«និស្សិតស្រុកខ្មែរ រៀនចប់ហើយ ដើម្បីទទួលបានសញ្ញាប័ត្រ ទាល់តែមករៀនជំនាញជេរ ពីលោក ហ៊ុន សែន រយៈពេលពីរម៉ោង !»

និស្សិតស្រុកខ្មែររៀនចប់ហើយ ដើម្បីទទួលបានសញ្ញាប័ត្រទាល់តែមករៀនជំនាញជេរពី លោក ហ៊ុន សែន រយៈពេលពីរម៉ោង !

Posted by Eng Chhai Eang on Wednesday, April 3, 2019


យ៉ាងណា មេដឹកនាំកម្ពុជា បាននិយាយការពារ ពាក្យអសុរោះរបស់លោក ទាំងនោះថា ជា «គ្រាមភាសា (ភាសាអ្នកស្រុក)» ហើយមិនទាន់មានកម្រិត ស្មើនឹងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) ដែល«ជេរម៉ែ» ប្រធានាធិបតីអាមេរិក នោះផងទេ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។