ក្នុងថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អ្នកជំងឺ«Covid-19»នៅកម្ពុជា បានកើនឡើង ដល់ចំនួន សរុប១២៤នាក់ បន្ទាប់ពីក្រសួងសុខាភិបាល ទើបនឹងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺ «Covid-19» ម្នាក់ទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលទើបត្រូវបានរកឃើញ ថាមានផ្ទុកមេរោគកូរូណាថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទើបវិលត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ ដោយឆ្លងកាត់តាម ប្រទេសកូរ៉េខាងត្បូង។
ក្រសួងអះអាងថា ស្ត្រីអ្នកជំងឺខាងលើ បានមកដល់កម្ពុជា កាលពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០។
បើរាប់តាំងពី ការរាតត្បាតដំបូង មកទល់នឹងថ្ងៃទី២៣ ខែឧសភានេះ កម្ពុជាមានចំនួនអ្នកជំងឺ «Covid-19» សរុប១២៤នាក់ ខណៈអ្នកជំងឺទី១២៣ ត្រូវបានធ្វើតេស្ដិ៍រកឃើញ កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីអ្នកជំងឺ ជាជនជាតិខ្មែររូបនេះ បានធ្វើដំណើរវិលត្រឡប់ ពីប្រទេសហ្វីលីពីន ដោយកាត់តាមប្រទេសកូរ៉េខាងត្បូង។
បើតាមតួលេខផ្លូវការដដែល ឲ្យដឹងទៀតថា មនុស្ស១២២នាក់ បានជាសះស្បើយពីជំងឺ គិតត្រឹមថ្ងៃតី១៦ ខែឧសភាកន្លងទៅ។ នៅថ្ងៃនោះដែរ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើវីដេអូអបអរសាទរ ពីការជាសះស្បើយ នៃអ្នកជំងឺទាំងអស់ ដោយអួតអាង ពីការដឹកនាំ «ប្រកបដោយគតិបណ្ឌិត» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រង និងប្រឆាំង ទល់នឹងជំងឺដ៏ចង្រៃ៕