កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែសីហាខាងមុខនេះតទៅ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច បានបញ្ជាក់ពីបទបញ្ជា របស់លោក ហ៊ុន សែន ចុះថ្ងៃទី២៥ ខែកក្កដាម្សិលម៉ិញ ដើម្បីឲ្យផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការហោះហើរទាំងឡាយ ពីប្រទេសទាំងពីរ បន្ទាប់ពីសង្កេតឃើញថា ការឆ្លងជំងឺកូវីដ១៩ របស់អ្នកដំណើរមកពីប្រទេសទាំងពីរ មានអត្រាខ្ពស់។

តែក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា ការផ្អាកជើងយន្ដហោះ នឹងមានសុពលភាពរហូតដល់ពេលណា និងជាប់ពាក់ព័ន្ធ ជាមួយជនជាតិកម្ពុជា ដែលត្រូវធ្វើដំណើរ វិលចូលមាតុភូមិខ្លួនវិញ ឬយ៉ាងណានោះទេ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ក្នុងរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលរកឃើញ មានការកើនឡើង គួរឲ្យកត់សម្គាល់ នូវអ្នកផ្ទុកមេរោគកូវីដ-១៩ រហូតដល់១០៨នាក់ ពីក្នុងចំណោមអ្នកដំណើរសរុប ២៣.៥៦៧នាក់ ក្នុងនោះអ្នកជំងឺភាគច្រើន ធ្វើដំណើរ​តាមជើង​យន្ដហោះ ពីប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ។

ក្រសួងសរសេរបន្តថា៖

«ម្យ៉ាងវិញទៀត ចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹង​មានការឈប់​សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការពារចម្លង​វិរុសកូវីដ១៩។»

ក្នុងពេលរាំងខ្ទប់ជើងយន្ដហោះ ពីប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងមក ក្រោមបញ្ជា​របស់​លោក ហ៊ុន សែន បានធ្វើឲ្យពលរដ្ឋខ្មែរ​ច្រើនសិបនាក់ គ្មានទឹកដីមាតុភូមិ និងជាប់គាំង​ជាច្រើនសប្ដាហ៍ នៅក្នុងប្រទេសម៉ាឡេស៊ី រហូតលុះត្រា​មានភ្ជាប់ជើងហោះហើរ​ឡើងវិញ កាលពីខែមិថុនាកន្លងមក។

គិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺ​កូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និង​បុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ មានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស ១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាល នៅតាម​មន្ទីរពេទ្យរដ្ឋ​មានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់)៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។