មុននឹងទៅជួបលោក ហ៊ុន សែន ដោយផ្ទាល់ បណ្ដាជនទាំងឡាយ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។ នេះ ជាបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ជាលើកទី៣ ខណៈរូបលោកទទួលបាន ការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ចំនួនពីរដូស តាំងពីច្រើនសប្ដាហ៍មុនរួចហើយ។
បុរសខ្លាំងនៅកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖
«ថ្ងៃនេះក្រុមគ្រូពេទ្យ បានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឹមល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។»
លោក ហ៊ុន សែន លើកឡើងថា ពីក្នុងចំណោមមេដឹកនាំអាស៊ាន រូបលោកជាមេដឹកនាំតែម្នាក់គត់ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ ដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ លោកបន្តថា ដើម្បីកុំឲ្យមានការធ្វើចត្តាឡីស័ក ជាលើកទី៤ បណ្ដាជនដែលត្រូវមកជួបលោក ដោយផ្ទាល់ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។
នាយករដ្ឋមន្ត្រីតាំងពី៣៦ឆ្នាំ បានសរសេរថា៖
«ដើម្បីធានាថាពុំមាន [ការធ្វើចត្តាឡីស័ក ជា]លើកទី៤ មនុស្សដែលត្រូវជួបខ្ញុំ ត្រូវបានធ្វើតេស្តជាមុន យ៉ាងហោចណាស់គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ។»
វិធានបង្ការការឆ្លងមេរោគកូវីដ-១៩ ដែលចេញផ្សាយ ដោយអង្គការសុខភាពពិភពលោក (WHO /OMS) បានកំណត់ឲ្យបណ្ដាជន ដែលចេញដើរជួបគ្នា ត្រូវពាក់ម៉ាស់គ្របច្រមុះនិងមាត់ រក្សាគម្លាត១,៥ម៉ែត្រពីគ្នា និងមានទឹកអាកុលលាងដៃជាប្រចាំ។ គម្លាតសុវត្ថិភាព ត្រូវបានប្រទេសជាច្រើន កាត់បន្ថយមកនៅត្រឹមតែ១ម៉ែត្រ ឬតិចជាងនេះ ដោយមានរបាំងការពារ (ជាកញ្ចក់ ឬរនាំងជ័រថ្លា)។
អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា ហានិភ័យនៃការឆ្លងជំងឺដ៏ចង្រៃ នឹងត្រូវកាត់បន្ថយ ក្នុងកម្រិតជាអតិបរមា សម្រាប់បណ្ដាជនដែលទទួលបានការចាក់វ៉ាក់សាំង ចំនួនពីរដូសរួចហើយ សម្រាប់វ៉ាក់សាំងទាំងឡាយណា ដែលអង្គការនេះបានប្រកាសទទួលស្គាល់៕