បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។
បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ដើម្បីអនុវត្តន៍ភ្លាម នៅវេលាយប់កណ្ដាលអាធ្រាត (ថ្ងៃដដែល) អំពីការកំហិត នូវការធ្វើដំណើរ បម្លាស់ទី របស់ពលរដ្ឋ រវាងរាជធានី-ខេត្ត-ក្រុង និងស្រុក ដើម្បីអ្វីមួយ ដែលលោក ហ៊ុន សែន អះអាងថា ដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ«Covid-19»។
សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខា របស់លោក ហ៊ុន សែន ក្នុងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរឲ្យដឹងថា៖
ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមក នោះទេ។
ទី២៖ សម្រេចលុបចេញ នូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាន នូវការហាមឃាត់ ការធ្វើដំណើរ ពីខេត្តមួយ ទៅខេត្តមួយទៀត។
ការលើកចេញបម្រាម ចំនួនពីរចំណុចខាងលើ ត្រូវរួមបញ្ចូលនឹងការលើកលែងជាច្រើនទៀត ដែលមានចែង នៅក្នុងបម្រាមកាលពីម្សិលម៉ិញ៕
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និង ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ៖
Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, April 9, 2020