កម្ពុជា

Covid-19៖ កម្ពុជាមាន​២ករណី​ទៀត ជាអ្នកដំណើរ​មកពី​ ឥណ្ឌូនេស៊ី

ពី​ចំណោម​អ្នកដំណើរ​​៤៦នាក់ ដែលជិះយន្ដហោះ មកពីប្រទេស ឥណ្ឌូនេស៊ី ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួនពីរនាក់ ដែលជាជនជាតិ​ខ្មែរ។ នេះ បើ​តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានធ្លាក់មកដល់​ដៃ​អ្នក​សារព័ត៌មាន នៅមុននេះបន្តិច។

ជនជាតិខ្មែរទាំងពីរនាក់ ជាបុរសអាយុ ២៩ឆ្នាំ និងបុរសអាយុ ២២ឆ្នាំ ដែលមាន​អាស័យដ្ឋាន នៅខេត្តកំពង់ចាម។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បុរសទាំងពីរនាក់ បានស្ថិតក្នុងចំណោម អ្នកដំណើរសរុប ៤៦នាក់ (ក្នុងនោះស្ត្រី ២៤នាក់) ដែលជិះក្នុងយន្ដហោះ ហោះត្រង់ពី ឥណ្ឌូនេស៊ី មកកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានបន្តថា ពីក្នុងចំណោមអ្នកដំណើរទាំងអស់ មានជនជាតិខ្មែរ​ចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ី ចំនួន ០៤នាក់ (ស្រី ០២នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។

អ្នកដំណើរចំនួន ៤៤នាក់ ដែលត្រូវបានធ្វើតេស្ដិ៍ ចេញលទ្ធផលអវិជ្ជមាន ត្រូវបានដាក់​ឱ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូន១ មណ្ឌលចត្តាឡីស័ក នៅតាមបណ្ដាខេត្ត ដែលបុគ្គលរស់នៅ (សម្រាប់អ្នក ដែលមិនមានលទ្ធភាព បង់ថ្លៃ​សណ្ឋាគារ) និងនៅក្នុងសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ (សម្រាប់អ្នក ដែលជ្រើសរើស​យក ការបង់ថ្លៃសណ្ឋាគារ) ដើម្បីតាមដានសុខភាពបន្តទៀត។

ការរកឃើញករណីពីរខាងលើ បានបន្ថែមតួលេខ ឲ្យប្រទេសកម្ពុជា មានករណីជំងឺ «Covid-19» កើនឡើងដល់១២៨ករណី ក្នុងនោះមាន១២៥នាក់ បានជាសះស្បើយ និង៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ ក្នុងមន្ទីរពេទ្យ។

អ្នកជំងឺ៣នាក់ ដែលកំពុង​សម្រាកព្យាបាលនោះ មានជនជាតិខ្មែរ១នាក់ ដែលទើបវិលត្រឡប់ ពីប្រទេសហ្វីលីពីន និងជនជាតិខ្មែរ២នាក់ ដែលទើបត្រឡប់ មកពីប្រទេសឥណ្ឌូនេស៊ី នេះតែម្តង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។