កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។

អ្នកជំងឺទាំង៣៩នាក់ ដែលបានទទួលមរណភាព ដោយសារជំងឺរាតត្បាត ជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃ រាប់ចាប់ពី​កម្ពុជារងការឆ្លងក្នុងសហគមន៍ អស់រយៈពេលប៉ុន្មានខែមកនេះ និងបានធ្វើឲ្យអ្នកជំងឺស្លាប់សរុប មានចំនួនកើនឡើង​ដល់ ១០២៥នាក់។ តួលេខសរុបនេះ បានធ្វើឲ្យភាគរយ​នៃអ្នកស្លាប់នៅកម្ពុជា មានអាត្រាខ្ពស់ជាងគេបំផុត ១,៥៨% បើធៀបនឹងប្រទេសជិតខាង (តារាងបង្ហាញជូនខាងក្រោម)។

ទន្ទឹមនឹងចំនួនអ្នកជំងឺស្លាប់ ដែលបានកើនឡើងជាបន្តបន្ទាប់ ករណី​ឆ្លង​ថ្មីវិញក៏បន្តហក់ឡើង ក្នុងកម្រិត​ខ្ពស់​ដែរ។ សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចំនួនអ្នកជំងឺដែលបានឆ្លងមេរោគដ៏ចង្រៃ ក្នុងថ្ងៃនេះ មានចំនួន ៩៩៦នាក់ ក្នុង​នោះ ១៦៧នាក់ ជាករណីនាំចូលពីក្រៅប្រទេស និងក្រៅពីនេះ សុទ្ធសឹងជា​ករណី​ឆ្លង ​ក្នុង​សហគមន៍។

គិត​ត្រឹម​​​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា​មាន​អ្នក​ជំងឺ​សរុប ចំនួន ៦៤.៦១១នាក់ ក្នុង​នោះអ្នក​ជា​សះ​ស្បើយ ​មានចំនួន ៥៦.១៧៨នាក់៕

តារាងប្រៀបធៀបករណីឆ្លង-ស្លាប់ នៅកម្ពុជា និងនៅប្រទេសជិតខាង៖

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។