ក្នុងថ្ងៃសុក្រនេះ ប្រទេសកម្ពុជាបន្តរកឃើញ ករណីឆ្លងជំងឺ«Covid-19» ចំនួន៥នាក់បន្ថែមទៀត ក្នុងនោះមន្ត្រីការទូតអាមេរិក២នាក់ បន្ទាប់ពីពួកគេទាំងនោះ បានធ្វើដំណើរចូលប្រទេសកម្ពុជា តាមផ្លូវយន្ដហោះ។ នេះ បើតាមការអះអាងរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសេចក្ដីជូនព័ត៌មានមួយ ដែលចេញផ្សាយ កាលពីមុននេះបន្តិច។
ក្រសួងសុខាភិបាល បានអះអាងថា មន្រ្តីការទូតជាន់ខ្ពស់អាមេរិក ទាំង២នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា តាមជើងយន្ដហោះ លេខ «KE689» របស់កូរ៉េខាងត្បូង ដែលផ្ទុកអ្នកដំណើរចំនួន ៩១នាក់។ នៅខណៈនេះ មន្ត្រីទាំងនោះ កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។
រីឯអ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ដាច់ឡែក នៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញ ចំនួន១០នាក់ និងនៅសណ្ឋាគារមួយ ក្នុងសង្កាត់បឹងកេងកង១ ចំនួន៧៩នាក់ផ្សេងទៀត។
សម្រាប់អ្នកជំងឺ៣នាក់ទៀត ជាពលរដ្ឋខ្មែរ ក្នុងនោះ បុរសម្នាក់អាយុ ៣៥ឆ្នាំ កុមារាម្នាក់ (ដែលជាកូនប្រុសរបស់បុរស) អាយុ ៥ឆ្នាំម្នាក់ និងស្រ្តីម្នាក់ទៀត អាយុ ៦០ឆ្នាំ។ អ្នកទាំងបី បានធ្វើដំណើរត្រលប់ ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា តាមជើងហោះហើរលេខ «BR265» របស់ប្រទេសចិន ដែលផ្ទុកអ្នកដំណើររួមសរុបចំនួន ៧៧ នាក់។
បច្ចុប្បន្នអ្នកជំងឺទាំង៣ខាងលើ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ ខណៈអ្នករួមដំណើរក្នុងយន្ដហោះ ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក្ដទ័ពអាកាស ចំនួន៨នាក់ និងនៅឯសណ្ឋាគារ អូខេប៉ាឡេស ចំនួន៦៦នាក់ទៀត។
ក្រសួងសុខាភិបាល បានអះអាងទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានករណី អ្នកផ្ទុកកូវីដ១៩ សរុបចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយ ចំនួន១៣៣នាក់៕