កម្ពុជា

Covid-19៖ កម្ពុជារកឃើញ​អ្នកជំងឺ​ម្នាក់​ទៀត នៅខេត្ត​បន្ទាយមានជ័យ

ប្រទេសកម្ពុជា​ បានបន្ថែមតួលេខអ្នកជំងឺ «Covid-19» ម្នាក់ទៀត ដែលត្រូវបាន​រកឃើញ នៅខេត្ត​បន្ទាយមានជ័យ បន្ទាប់ពីយុវជនអាយុ២៦ឆ្នាំរូបនេះ បានវិលត្រឡប់​ពីប្រទេសថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើប​នឹង​ចេញផ្សាយ កាលពីមុននេះបន្តិច។

ក្រសួងសុខាភិបាល បានឲ្យដឹងថា យុវជនដែលត្រូវបានរកឃើញ ថាផ្ទុកមេរោគ «Covid-19» មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ។ យុវជនរូបនេះ បានរួមដំណើរ ជាមួយ​អ្នកដំណើរ ៩នាក់ផ្សេងទៀត វិលត្រឡប់ពីប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា នៅពេលយុវជននោះ ចូលដល់​ខេត្ត​បន្ទាយមានជ័យ ក៏ត្រូវបាន​ពិនិត្យ​ឃើញ ថាមានផ្ទុកមេរោគ «Covid-19»។

បច្ចុប្បន្ននេះ យុវជនខាងលើ ដែលមានអាយុ២៦ឆ្នាំ និងអ្នកដំណើរទាំង​៩នាក់ ត្រូវរ​ក្សាទុក ឱ្យនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) ក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

ការរកឃើញនេះ បានធ្វើឲ្យតួលេខសុរប នៃអ្នកផ្ទុកជំងឺ «Covid-19» បានកើនឡើង ដល់​១២៥នាក់ បើរាប់ពីការរាតត្បាតដំបូង មកដល់ថ្ងៃទី៣០ ខែឧសភានេះ។​ អាជ្ញាធរ​សុខាភិបាល​កម្ពុជា បានលើកឡើងថា ពីក្នុងចំណោមនោះ អ្នកជំងឺចំនួន ១២៣នាក់ បានជា​​សះស្បើយ​ហើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។