កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺ​ក្នុងសហគមន៍​ ៤នាក់ទៀត សរុប៣៨នាក់

អ្នកជំងឺកូវីដ-១៩ (Covid-19) ដែលឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញវិជ្ជមានបន្ថែម ៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងសហគមន៍សរុប មានចំនួនកើនឡើង ដល់៣៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើបនឹងចេញផ្សាយ ក្នុងព្រឹកថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។

អ្នកជំងឺទាំងបួននាក់ ដែលឆ្លងជំងឺ ជាលក្ខណៈសហគមន៍ មានពីរនាក់ជា​បុគ្គលិក និងម្នាក់ជាអតិថិជន របស់ហាង «Pedro» នៅផ្លូវព្រះសីហនុ (ភ្នំពេញ) ខណៈម្នាក់ទៀត ជាអតិថិជន របស់ហាង «Zando ក្នុងសង្កាត់បឹងកេងកង (ភ្នំពេញ)។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អ្នកជំងឺថ្មីទាំង៤នាក់ ត្រូវបានបញ្ជូន ឲ្យចូលសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ការរកឃើញអ្នកជំងឺថ្មី ទាំង៤នាក់ ធ្វើឡើងពីក្នុងចំណោមការធ្វើវិភាគ ទៅលើសំណាក​សរុប ចំនួន៣៤៦៧សំណាក់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ម្សិលម៉ិញ ដោយវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា។ សម្រាប់វត្ថុសំណាក់ ដែលនៅសេសសល់ ចំនួន៤៩៩៤នាក់ទៀត នឹងត្រូវធ្វើការវិភាគបន្តទៀត ក្នុងថ្ងៃទី៩ ខែធ្នូនេះ។

រាប់មកដល់ព្រឹក ថ្ងៃទី០៩ ខែធ្នូនេះ ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ មានចំនួនសរុប ៣៥៤នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៣៨នាក់ – អ្នកជាសះស្បើយ មានចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យនៅឡើយ មានចំនួន ៤៧នាក់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។