«ជាង១ពាន់ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងត្រៀមដាក់ប្រទេស ក្នុងគ្រោះមានអាសន្ននោះទេ។
តួលេខរកឃើញ នៃអ្នកឆ្លងជំងឺ «Covid-19» ចំនួន ១១០០នាក់ នៅក្នុងប្រទេសកម្ពុជានោះ មានផ្សាយនៅក្នុងគេហទំព័រ «epidemicforecasting.org» ដែលជាគេហទំព័រ របស់គម្រោងរួមគ្នាមួយ ហៅថា «Epidemic Forecasting» រវាងក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ចម្រុះជាច្រើននាក់ ជាពិសេសមកពីសាកលវិទ្យាល័យធំៗ និងល្បីៗក្នុងពិភពលោក ចំនួនបួន។
ស្ថាប័នធំៗទាំង៤នោះ រួមមានវិទ្យាស្ថាន «Future of Humanity» សាកលវិទ្យាល័យ «Harvard» សាកលវិទ្យាល័យ «Oxford» និងសាកលវិទ្យាល័យជាតិ របស់ប្រទេសអូស្ត្រាលី (Australian National University)។
វិធីសាស្ត្រ នៃការគណនាតួលេខ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ បញ្ជាក់ថា ពួកគេបានប្រើប្រាស់គំរូ នៃការរាតត្បាត ដោយផ្អែកលើទិន្នន័យជាក់ស្តែង នៅក្នុងពិភពលោក ដែលកំពុងកើតមាន និងគំរូ នៃការធ្វើដំណើរបម្លាស់ទី របស់ពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
គេហទំព័រខាងលើ បានសរសេរ ឲ្យដឹងបន្ថែមថា តួលេខដែលគណនាឃើញ អាចប្រែប្រួល ទៅតាមកត្តាជាច្រើន ដូចជា សន្ទុះនៃការរាតត្បាត អាកាសធាតុ ការធ្វើតេស្តិ៍ ការតាមដាន ឬការចាក់វ៉ាក់សាំងជាដើម។
មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញ«តួលេខផ្លូវការ» ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ១២០នាក់ (រកឃើញករណីថ្មី១នាក់ សម្រាប់ថ្ងៃសៅរ៍ ទី១១ ខែមេសានេះ)។ របាយការណ៍ផ្លូវការដដែល បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៧៥នាក់ និងនៅតែអះអាងថា គ្មានការឆ្លង នៅក្នុងសហគមន៍នៅឡើយ។
ក្រុមអ្នកឃ្លាំមើល រួមនឹងមេដឹកនាំ គណបក្សប្រឆាំងផង បានបរិហាររដ្ឋាភិបាលក្រុងភ្នំពេញ ថាមានបំណងលាក់តួលេខ និងមានបំណង ចង់ដាក់ប្រទេសកម្ពុជា ឲ្យដូចជាប្រទេសកូរ៉េខាងជើង (ករណីឆ្លងមាន ០នាក់)។ តែការលើកឡើងនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកចេញមុខ ធ្វើការទាត់ចោល ដោយអះអាងថា កម្ពុជាគ្មានភាពចាំបាច់ ដើម្បីលាក់តួលេខទេ៕