បើសិនជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា គណបក្សខ្លួនត្រូវបានរំលាយ តែនៅលើក្រដាសនោះ តែនៅលើប្រព័ន្ធអិនធើណិតវិញ «គេហទំព័រផ្លូវការ»របស់គណបក្សនេះ បានរលប់រូប មិនឃើញមានដំណើរការទៀតទេ។
តាំងពីច្រើនថ្ងៃមកហើយ ពេលគេចុចចូលទៅពិគ្រោះ«គេហទំព័រផ្លូវការ» របស់គណបក្សសង្គ្រោះជាតិ ដែលមានអាស័យដ្ឋាន «www.cnrp7.org» គេឃើញមានសំណេរ ជាភាសាអង់គ្លេស សរសេរដាក់ថា «This Account has been suspended» ដែលមានខ្លឹមសារជាខេមរភាសាថា «គណនីមួយនេះ ត្រូវបានព្យួរ»។
ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុករបស់គណបក្ស ដែលមានអាស័យដ្ឋាន «www.facebook.com/CNRParty» នៅមានដំណើរការ ហើយគេឃើញ មានការធ្វើបច្ចុប្បន្នភាព នៅលើទំព័រនោះជារឿយៗ។
កាលពីពីរសប្ដាហ៍មុន គេហទំព័រ «www.cnrp7.org» នៅមានដំណើរការនៅឡើយ បើទោះជាគេមិនឃើញមានការបង្ហោះថ្មីៗ ស្ដីពីព័ត៌មាន សេចក្ដីថ្លែងការណ៍ ឬវីដេអូក៏ដោយ។ អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ ហើយនៅតែអាច ស្វែងរកព័ត៌មាន ពីទីនោះបាននៅឡើយ។
មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការបំភ្លឺ ពីករណីនេះ ក្នុងពេលភ្លាមៗនេះបានទេ។
សម្រាប់អ្នកជំនាញ ខាងព័ត៌មានវិទ្យា លោក សុធា មេត្តា មកពីក្រុងកេប៊ិច ប្រទេសកាណាដា បានពន្យល់ថា បើសិនជាសារ «គណនីមួយនេះ ត្រូវបានព្យួរ» ត្រូវបានបង្ហាញ ជាសាធារណៈបែបនេះ ទំនងជាមូលហេតុ នៃការបិទគេហទំព័រនោះ គឺបណ្ដាលមកពី ម្ចាស់គណនី មិនបានបង់ប្រាក់ ឲ្យបានទៀងទាត់។
ស្ថាប័ន «Whois» ដែលជំនាញខាងការរុករក និងបង្ហាញ ទិន្នន័យថតទុក របស់អាស័យដ្ឋានគេហទំព័រទាំងឡាយ នៅជុំវិញពិភពលោក បានបញ្ជាក់ថា អាស័យដ្ឋាន «www.cnrp7.org» ត្រូវបញ្ជាទិញដោយ លោក យ៉ែម ប៉ុញ្ញឬទ្ធិ តាមរយៈក្រុមហ៊ុនមួយ ឈ្មោះ «BLUEHOST» ដែលមានទីតាំង ក្នុងសហរដ្ឋអាមេរិក។
បើតាមទិន្នន័យរបស់ «Whois» បានឲ្យដឹងទៀតថា អាស័យដ្ឋាន ឬ «Domain Name» នៃ«គេហទំព័រផ្លូវការ» របស់គណបក្សប្រឆាំង ត្រូវបានបង្កើត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ និងត្រូវផុតកំណត់ រហូតដល់ឆ្នាំ ២០២០ឯណោះ។
លោក សុធា មេត្តា បានពន្យល់ថា ការបញ្ជាទិញអាស័យដ្ឋាន អាចខុសពីការបញ្ជាទិញ ការផ្ទុកទិន្នន័យ ឬហៅជាភាសាអង់គ្លេស ថា «Host»។ បើការបញ្ជាទិញការផ្ទុកទិន្នន័យ មានលក្ខណៈ ជាការបង់ប្រាក់ប្រចាំខែ ឬឆ្នាំ ហើយមិនមានការបង់ប្រាក់ ឲ្យបានទៀងទាត់នោះ គណនីនៃការបញ្ជាទិញនោះ អាចនឹងត្រូវព្យួរ ឬដាក់ក្នុងការរង់ចាំ ឲ្យម្ចាស់គណនីទៅបង់ប្រាក់។
អ្នកជំនាញបន្តថា ផ្ទុយទៅវិញ អាស័យដ្ឋានគេហទំព័រ ដែលត្រូវបានបង់ប្រាក់ជាមុន សម្រាប់រយៈពេល៤ឆ្នាំ នឹងនៅតែមានសុពលភាព រហូតដល់ពេលផុតកំណត់៕