កម្ពុជា

«វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ហើយផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ

វាគ្មិនពិសេស សម្រាប់«វេទិកាសម្លេងសង្គ្រោះជាតិ»ដំបូងនេះ មានចំនួន៣នាក់ គឺអនុប្រធានគណបក្ស អ្នកស្រី មូ សុខហួ លោក សោភ័ណ្ឌ ឡាវី និងលោក ណុល វណ្ណៈ។ កម្មវិធីនេះ មានអ្នកសម្របសម្រួលមួយរូប គឺលោក ថៃ មករា ដែលជាមន្ត្រីគណបក្ស ប្រចាំក្នុងទ្វីបអ៊ឺរ៉ុប។

តបនឹងការសាកសួរតាមទូរស័ព្ទ ក្នុងយប់ថ្ងៃសុក្រនេះ លោក ថៃ មករា បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា កម្មវិធីនេះ រៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដើម្បីផ្ដល់សម្លេង និងព័ត៌មាន សម្រាប់ពលរដ្ឋ និងជាពិសេសកម្មករ។ លោកថា៖

«យើងចង់បង្កើនប្រភពព័ត៌មានរបស់យើង ដើម្បីផ្សព្វផ្សាយ និងទាក់ទាញចំណាប់​អារម្មណ៍ អំពីបញ្ហាទាំងឡាយ នៅក្នុងប្រទេសយើង។»

ជុំវិញប្រធានបទដំបូង «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ដែលត្រូវបានជ្រើស យកមកជជែកគ្នា ត្រូវបានមន្ត្រីគណបក្សរូបនេះ ពន្យល់ថា៖

«ប្រធានបទហ្នឹង យើងចង់សំដៅ ទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលគាត់ជាស្រទាប់ពលរដ្ឋមួយ ដែលទទួលផលវិបាក ភ្លាមៗ ហើយធ្ងន់ធ្ងរ ជាងគេ នៅក្នុងសង្គមសព្វថ្ងៃ […] ហើយដល់ទៅពេល មេរោគកូវីដហ្នឹងមកដល់ ចំណាត់ការរដ្ឋាភិបាលហ្នឹង ក៏មិនច្បាស់លាស់ ទាំងផ្នែកគាំពារសុខភាព គាំពារស្មារតីរបស់ពួកគាត់។»

បើតាមមន្ត្រីគណបក្សដដែល កម្មវិធីថ្មីថ្មោង នឹងផ្សាយផ្ទាល់ ជាលើកដំបូង ដោយចាប់ផ្ដើម នៅម៉ោង១៨ (ឬម៉ោង៦ល្ងាច) ល្ងាចថ្ងៃសៅរ៍ទី២ ខែឧសភានេះ ម៉ោងក្នុងប្រទេសកម្ពុជា (ដែលត្រូវនឹងម៉ោង១៣ ថ្ងៃដដែល ម៉ោងក្នុងប្រទេស​បារាំង)៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។