កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP​សម្រេច​បង្កើត​ គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស

សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ (ទី១ និងទី២ ខែធ្នូ ឆ្នាំ២០១៨) នៅក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក គ្រោងនឹងប្រមូលផ្ដុំបណ្ដាសាខា នៃគណបក្សសង្គ្រោះជាតិទាំងអស់ ដែលស្ថិតនៅក្នុងបណ្ដាប្រទេសធំៗ និងគ្រប់ទ្វីប ដើម្បីបង្កើតជា«គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស»តែមួយ។ គណបក្សសង្គ្រោះជាតិក្រៅប្រទេសនោះ ហៅជាភាសាអង់គ្លេស «CNRP-Oversea» ឬ «CNRP-O»។

សេចក្ដីសម្រេច របស់អង្គសន្និសីទ ដែលទើបនឹងចេញផ្សាយ ជាសាធារណៈ កាលពីប៉ុន្មាននាទីមុន បានបញ្ជាក់ថា សាខាគណបក្សប្រឆាំងក្រៅប្រទេសមួយនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាជិក១៧រូប ក្នុងនោះ ៧រូបមកពីទ្វីបអាមេរិកខាងជើង ៧រូបមកពីទ្វីបអ៊ឺរ៉ុប និង៣រូប​មកពីទ្វីបអូសេអានី។

ក្រុមប្រឹក្សាភិបាល នៃបណ្ដុំសាខាគណបក្សប្រឆាំង​នៅក្រៅប្រទេសខាងលើ នឹងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការរបស់ខ្លួន ដឹកនាំដោយអគ្គលេខាធិការមួយរូប នៅសហរដ្ឋអាមេរិក និងអគ្គលេខាធិការរងច្រើនរូប មកពីប្រទេសផ្សេងៗ។ សេចក្ដីសម្រេចដដែល នៅបានអះអាងទៀតថា សមាជិកនៃក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការដ្ឋាន ត្រូវមានការចូលរួម ពីស្ត្រីនិងយុវជន។

យ៉ាងណា ការសម្រេចនេះស្ថិតនៅក្នុងលក្ខណៈ ជាគម្រោងនៅឡើយ ដោយអង្គសន្និសីទអះអាង តម្រូវឲ្យមានការសុំយោបល់ ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស ជាមុនសិន។ អ្នកស្រី មូ សុខហួ អនុប្រធានគណបក្ស ត្រូវបានចាត់ឲ្យទទួលតួនាទី ស្នើសុំយោបល់នេះ ហើយគណៈកម្មការអចិន្ត្រៃយ៍ មានពេល១សប្ដាហ៍ ដើម្បីឆ្លើយតបទៅវិញ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។