កម្ពុជា

CNRP រៀបចំ​ឲ្យ សម រង្ស៊ី វិល​ចូលស្រុក​វិញ​តាម​រយៈ​«វិធានការចំនួន៥»

គណៈកម្មការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ដែលបានជួបប្រជុំគ្នា នៅក្នុងក្រុងឡូវែល សហរដ្ឋអាមេរិក ក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានប្រកាសឲ្យដឹង ពីការត្រៀមលក្ខណៈ នៃការវិលចូលប្រទេសកម្ពុជាវិញ របស់ប្រធានស្ដីទីគណបក្ស លោក សម រង្ស៊ី តាមរយៈ«វិធានការចំនួន៥»។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង បានថ្លែងរួមគ្នា ជាមួយអ្នកស្រី មូ សុខហួរ អនុប្រធានគណបក្ស និងលោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណកម្មាធិការវិន័យគណបក្ស ដោយបានពន្យល់ ពី«វិធានការចំនួន៥»នោះ មានដូចខាងក្រោម៖

១) រៀបចំក្រុមការងារ ដើម្បីរៀបចំកម្លាំង ទទួលដំណើរវិលត្រឡប់ របស់លោក សម រង្ស៊ី ទៅកាន់ប្រទេសកម្ពុជា។

២) ពង្រីកសកម្មភាពការទូត។

៣) ពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មាន ជុំវិញបញ្ហានានា ដែលបង្កបង្កើតឡើង ដោយរបបដឹកនាំ របស់លោក ហ៊ុន សែន។

៤) ទំនាក់ទំនង ជាមួយអ្នកប្រជាធិបតេយ្យផ្សេងទៀត ដើម្បីចូលរួម ជាមួយគណបក្សសង្គ្រោះជាតិ។

៥) រៀបចំថវិកា។

បើតាមលោក អេង ឆៃអ៊ាង បានបញ្ជាក់ថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅថ្ងៃនេះ មានសមាជិកចូលរួម១៥នាក់ ក្នុងនោះ៧រូប ចូលរួមប្រជុំដោយផ្ទាល់ ២រូប ចូលរួមប្រជុំ​តាម​ប្រព័ន្ធវីដេអូ «Skype» និង៦រូប បានផ្ទេរសិទ្ធិ។ គណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សប្រឆាំង មានសមាជិកទាំងអស់ ២៤នាក់។

យ៉ាងណា លោក អេង ឆៃអ៊ាង មិនបានបញ្ជាក់ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ នឹងត្រូវធ្វើក្នុងពេលណានោះទេ។ អ្នកស្រី មូ សុខហួរ ធ្លាប់បានបង្ហើបក្នុងពេលកន្លងមក ថាលោក សម រង្ស៊ី អាចនឹងដឹកនាំមន្ត្រីគណបក្ស វិលចូលស្រុកវិញ នៅខែមេសា ឆ្នាំ២០១៩ខាងមុខ ឬយូរបំផុត នៅក្រោយបុណ្យចូលឆ្នាំថ្មី។

ភ្លាមៗក្រោយការបង្ហើប ពីគម្រោងត្រឡប់ វិលចូលមាតុប្រទេសវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាមន្ត្រីដទៃទៀត នៃរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មដោយព្រមានជាមុនថា ការវិលត្រឡប់របស់មេដឹកនាំប្រឆាំង ចូលប្រទេសកម្ពុជា នឹងត្រូវបានទទួលស្វាគមន៍ ដោយ«ខ្នោះដៃ និងការចាប់ខ្លួន ដាក់ឃុំក្នុងពន្ធនាគារ»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។