ការចេញដីកា ឲ្យចាប់ខ្លួនថ្នាក់ដឹកនាំទាំង៨នាក់ របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។
ខាងលើនេះ ជាការអះអាង របស់គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីប្រតិកម្មតបនឹងដីកា ដែលចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ដោយចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ បញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។
សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន បានឲ្យដឹងថា ទង្វើរបស់របបលោក ហ៊ុន សែន បង្ហាញឲ្យឃើញអំពីការដឹកនាំ ដែលងាកចេញពីការផ្សះផ្សារបង្រួបបង្រួមជាតិ និងពុំឲ្យតម្លៃប្រជាធិបតេយ្យ ដោយគាបសង្កត់ស្ថាប័នកំពូលៗរបស់រដ្ឋ ដើម្បីបំពេញមហិច្ឆតាផែនការអំណាចបុគ្គល។
សេចក្ដីថ្លែងការណ៍ បានសរសេរថា៖
«ចំណាត់ការ ដែលមានចរិតនយោបាយបន្តបំបែក និងបំបាត់សំឡេងប្រឆាំងនៅកម្ពុជានេះ ជាការផ្គើននឹងវិធានការនានា របស់សហគមន៍អន្តរជាតិ ហើយបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។»
ជនទាំង៨នាក់ ដែលជាប់ក្នុងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ មានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។
សម្រាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាជនទីមួយ ជាប់ឈ្មោះនៅក្នុងដីកានោះ បានធ្វើប្រតិកម្មខ្លី នៅតាមបណ្ដាញសង្គមទ្វីសធើរថា៖
«ដីកាចាប់ខ្លួនខ្ញុំ ដែលបានចេញនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនានេះ គូសបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដេជ្ញាចិត្តច្បាស់លាស់ណាស់ ក្នុងការកម្ទេចសំឡេងជំទាស់នៅកម្ពុជា ទោះតាមមធ្យោបាយណាក៏ដោយ។»
គណបក្សប្រឆាំងបានអំពាវនាវជាថ្មីទៀត ទៅដល់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់ ឲ្យចាត់វិធានការសមស្រប និងជាក់ស្ដែង ព្រមទាំងដាក់«សម្ពាធបន្ថែមកាន់តែខ្លាំង» ទៅលើរបបក្រុងភ្នំពេញ ដើម្បីជំរុញឲ្យរបបនេះ វិលទៅរកគន្លងប្រជាធិបតេយ្យវិញ។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិបានបន្តបញ្ជាក់ជំហរថា ថ្នាក់ដឹកនាំរបស់ខ្លួន នៅតែ«រឹងមាំ» និងកំពុង«បន្តដឹកនាំនយោបាយ» តាមគោលការណ៍ប្រជាធិបតេយ្យ និងការផ្សះផ្សាបង្រួបបង្រួមជាតិ «ដោយមិនយកខ្មែរណាជាសត្រូវ»។
អ្នកស្រី មូ សុខហួរ អនុប្រធានគណបក្ស ដែលជាជនមួយរូបទៀត ជាប់ឈ្មោះក្នុងដីការ បានបរិហារដីការនោះ ថាជាទង្វើដ៏យង់ឃ្នង។ អ្នកស្រីបានថ្លែងឡើងថា៖
«ការដែលគេចេញដីកា ឲ្យមានការចាប់ខ្លួនយើងខ្ញុំ ជាទង្វើដ៏យង់ឃ្នងណាស់។ តើពួកយើងខ្ញុំហ្នឹងឯងឬ ជាអ្នកក្បត់ជាតិ? ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋ ទោះបីមន្ត្រីនៅក្នុងតុលាការក៏ដឹងដែរថា យើងមិនមែនជាអ្នកក្បត់ជាតិទេ។ ផ្ទុយទៅវិញ យើងរកដំណោះស្រាយ ជូនប្រទេសជាតិយើង ជូនប្រជាពលរដ្ឋយើង៕»