ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវសារជាតិដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបត្រូវបានចែកចាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន។
ក្នុងថ្ងៃព្រហស្បត្តិ ទី២៤ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋមានជម្លោះដីធ្លី រាប់រយនាក់ មកពីភូមិគគីរ ស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តនាំគ្នាដុតកង់ឡានបិទផ្លូវ ដើម្បីតវ៉ាប្រឆាំង ការចុះអនុវត្តសាលដីកា វាស់វែងដីធ្លីឲ្យឧកញ៉ាម្នាក់ ដែលគេស្គាល់ឈ្មោះ ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះ ហុង សួន នៅចំណុចភូមិគគីរ។
ការតវ៉ានោះ បានបញ្ចប់ទៅ ដោយ«ការបាញ់បង្ក្រាបពលរដ្ឋ»យ៉ាងហិង្សា ពីសំណាក់ក្រុមអាជ្ញាធរ រាប់រយនាក់ប្រដាប់ដោយ កាំភ្លើង ខែល គ្រឿងចក្រ រួមទាំងឡានទឹកផង បណ្តាលឲ្យពលរដ្ឋខ្លះត្រូវចាប់ខ្លួន និងខ្លះទៀតត្រូវរបួស។
របាយការណ៍ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ថា ក្រុមអាជ្ញាធរបានបាញ់កាំភ្លើងគ្រាប់ពិត ឡើងលើមេឃ និងទៅកាន់ក្រុមអ្នកតវ៉ា ដែលបង្ហាញពីការប្រើប្រាស់កងកម្លាំងច្រើនលើសលុប។ អង្គការនេះបានបញ្ជាក់ថា ឧកញ៉ាខាងលើ មានអំណាច និងមានឥទ្ធិពលផ្នែកនយោបាយ យ៉ាងក្រាស់ក្រែល។
របាយការណ៍ របស់សមាគម អាដហុក ដែលតាមឃ្លាំមើលការតវ៉ានោះដែរ បានបញ្ជាក់ថា ពលរដ្ឋ២នាក់បានរងរបួស និង៦នាក់ទៀតត្រូវបានឃាត់ខ្លួន ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ ពេលល្ងាចថ្ងៃកើតហេតុនោះ។
ពលរដ្ឋម្នាក់ពីក្នុងចំណោមនោះ បានរងរបួសធ្ងន់ធ្ងរ នៅត្រង់ស្មារ និងត្រូវបានទុកចោល អស់មួយរយៈ មុននឹងត្រូវបានបញ្ជូន ទៅកាន់មន្ទរពេទ្យបង្អែកខេត្ត និងបន្ទាប់មក ត្រូវបញ្ជូនបន្តទៅព្យាបាល នៅក្នុងមន្ទីរពេទ្យមួយទៀត នារាជធានីភ្នំពេញ។
សម្រាប់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចាប់តាំងពីគណបក្សខ្លួន ត្រូវរបបក្រុងភ្នំពេញរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះមក «អំពើព្រៃផ្សៃ និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងការបង្ក្រាបដោយហិង្សា លើប្រជារាស្ត្រខ្មែរស្លូតត្រង់ បានបន្តកើតមាន នៅពាសពេញផ្ទៃប្រទេស»។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សប្រឆាំងដែលគេដឹងថា មានមូលដ្ឋានខ្លួន នៅក្រៅប្រទេសនោះ បានអំពាវនាវ ទៅកាន់ស្ថាប័នពាក់ព័ន្ធ ជាតិនិងអន្តរជាតិទាំងអស់ ត្រូវបន្តឃ្លាំមើល ទង្វើរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបង្កើតការដាក់សម្ពាធ លើរបបដឹកនាំសព្វថ្ងៃ ដើម្បី«ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឡើងវិញ»៕
Posted by Chhut Wutty on Friday, January 25, 2019