កម្ពុជា

CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ដែល​គណបក្ស​ប្រឆាំង លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយក្នុងយប់​ថ្ងៃទី៦ ខែកក្កដានេះ។

គណបក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរគណបក្សប្រជាជនកម្ពុជារំលាយ កាលពីចុង​ឆ្នាំ​២០១៧ បានរំឮកឡើងវិញ អំពីព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី៥-៦ ខែ​កក្កដា ឆ្នាំ១៩៩៧ ដែល​បង្កឡើង ដោយក្រុមលោក ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីទី២ ដើម្បីទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១។

សេចក្ដីថ្លែងការណ៍បានសរសេរថា៖

«ក្រោមរបបដឹកនាំ របស់លោក ហ៊ុន សែន ជាច្រើនទសវត្សរ៍កន្លងមក មានមនុស្ស​ច្រើន​នាក់ រួមមាន សកម្មជនគណបក្សនយោបាយ អ្នកសារព័ត៌មាន អ្នកវិភាគនយោបាយ អ្នក​ការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងប្រជាពលរដ្ឋស្លូតត្រង់ ត្រូវ​បានសម្លាប់យ៉ាងឃោឃៅ និងអយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ ដោយឧក្រិដ្ឋជន​ពុំត្រូវបាន​នាំខ្លួន យកមកផ្ដន្ទាទោស​តាមផ្លូវច្បាប់ឡើយ។»

ក្រៅពីព្រឹត្តិការណ៍រដ្ឋប្រហារ ដែលបង្កឲ្យមនុស្សស្លាប់ ច្រើនរយនាក់នោះ គណបក្សប្រឆាំងនៅបានរំឮក ពីជនរងគ្រោះដទៃទៀត មានដូចជាព្រះសង្ឃ សំ ប៊ុនធឿន – អ្នកស្រី ពិសិដ្ឋ ពិលីកា លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី ជាដើម។ គណបក្សសរសេរថា៖

«គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង​ក្រៅប្រទេស ដែលស្រឡាញ់យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ចូលរួមស្វែងរកយុត្តិធម៌ សម្រាប់​ជនរងគ្រោះទាំងអស់ និងរួបរួមគ្នាបញ្ចប់វប្បធម៌និទណ្ឌភាព នៅក្នុងប្រទេស​កម្ពុជា (…)៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។