គណបក្សសង្គ្រោះជាតិបានទាមទារជាថ្មី ឲ្យដោះលែងប្រធានគណបក្ស លោក កឹម សុខា ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ «ចាត់វិធានការ»ខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
សម្រាប់អ្នកវិភាគបានពន្យល់ថា ការដោះលែងលោក កឹម សុខា ជាជំហានដ៏ល្អមួយ ឈានទៅដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ បញ្ចៀសសម្ពាធអន្តរជាតិ និងអនុញ្ញាតឲ្យរក្សាបាន នូវអធិបតេយ្យភាព ឯករាជ្យជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានទទួល គណបក្សប្រឆាំងដ៍ធំមួយនេះបានរំលឹកថា មកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ គឺមានរយៈពេល១៨ខែហើយ ដែលលោក កឹម សុខា ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន ចាប់ឃុំខ្លួន ទាំងនៅពន្ធនាគារត្រពាំងផ្លុង រួចបន្តមកនៅក្នុងផ្ទះមកទល់ពេលនេះ។
ចំណាត់ការចាប់ខ្លួន និងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគណបក្សប្រឆាំងមួយនេះចាត់ទុកថា ធ្វើឡើង«ដោយអយុត្តិធម៌ ដែលរំលោភបំពានយ៉ាងកំរោលលើច្បាប់ និងរដ្ឋធម្មនុញ្ញ»របស់កម្ពុជា។
គណបក្សប្រឆាំងបានហៅការចាប់ខ្លួន និងឃុំខ្លួន លោក កឹម សុខា បែបនេះ គឺជា«ចេតនានយោបាយ ក្នុងការកម្ចាត់គូប្រជែងនយោបាយ ដ៍មានសក្តានុពល និងជាការបំបាក់ស្មារតីអ្នកប្រជាធិបតេយ្យ ដែលស្រលាញ់សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌»។
សេចក្ដីថ្លែងការណ៍បានសរសេរថា៖
«គណបក្សសង្គ្រោះជាតិ ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ចាត់វិធានការ ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឲ្យរបបក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាថិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មប្រាប់សារព័ត៌មានក្នុងស្រុក ថាលោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់គណបក្សមួយ ដែលត្រូវតុលាការរំលាយចោលទៅហើយនោះទេ។ លោក ផៃ ស៊ីផាន គ្រាន់តែពន្យល់ថា បើលោកឆ្លើយតបមានន័យថា មិនគោរពសាលដីការបស់តុលាការកំពូល។
សម្រាប់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានពន្យល់ថា ការដោះលែងលោក កឹម សុខា ជាការបើកទ្វាដើម្បីឈានទៅដោះស្រាយបញ្ហា រវាងខ្មែរនិងខ្មែរ ហើយអាចបញ្ចៀសសម្ពាធ ពីសំណាក់សហគមន៍អន្តរជាតិ។ លោក បានសរសេរនៅលើបណ្ដាញសង្គមថា៖