កម្ពុជា

ស្រុតអគារចិន៖ ហ៊ុន សែន បានចែកប្រាក់ជាង​១៥ម៉ឺន​ដុល្លារ ជូន​ក្រុមសង្គ្រោះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា លោកបានយកថវិកាផ្ទាល់របស់លោក ចំនួនជាង១៥ម៉ឺនដុល្លារ​ចែក ជូន​ក្រុមសង្គ្រោះ សរុបចំនួន​១៤៨៧នាក់ ដែលបានធ្វើការរុករក និងជួយសង្គ្រោះជីវិត ក្នុងហេតុការណ៍រលំអគារ ដែលសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ

ការលើកឡើង របស់បុរសខ្លាំងកម្ពុជា ធ្វើឡើងក្នុងទំព័រហ្វេសប៊ុករបស់លោក នៅក្នុងកន្លែងបញ្ចេញមតិ កាលពីប៉ុន្មាននាទីមុន។ មេដឹកនាំកម្ពុជា បានលើកឡើងថា៖

«ក្នុងការចូលរួមយោបល់ តាមរយៈ comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំ ឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងារ រុករកនិងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវ ព្រោះបើគ្មានកម្លាំង ដែលពោរពេញដោយភាពក្លាហាន មិនខ្លាចនឿយហត់នេះទេ យើងមិនអាចស្រោចស្រង់ ជិវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ។»

លោក ហ៊ុន សែន បានបញ្ជាក់ថា៖

«ខ្ញុំបានយកថវិការខ្ញុំ ជាង១៥មុឺនដុល្លារ ចែកជូនបងប្អូន១៤៨៧នាក់ តាំងពី​យប់មុិញ​មកម្លេះ ដោយបុរស់ទទួល ១០០ដុល្លារក្នងម្នាក់ និងនារីទទួលបាន ២០០ដុល្លារក្នុងម្នាក់។ ភរិយាខ្ញុំនិងកូនៗខ្ញុំ បានជួយផ្តល់បាយ ម្ហូបអាហារ ទឹកផឹកទឹកក្រូច ក្នុងពេលប្រតិបត្តិការ មុនពេលខ្ញុំ ទៅដលកន្លែងកើតហេតុ។»

សម្រាប់ជនរងគ្រោះ និងគ្រួសារ រួមទាំងអ្នករងរបួស និងអ្នកបាត់បង់ជីវិត ត្រូវបានទទួលប្រាក់ឧបត្ថម្ភ ពីសប្បុរសជនដែលមានសរុប ប្រមាណជា ២,១៩៨,៤០០ដុល្លារ។ លោក ហ៊ុន សែន បានរៀបរាប់ ពីការចែកប្រាក់ជូនជនរងគ្រោះ ដូចតទៅ៖

«ថវិការ[ខាងលើ]នេះ ត្រូវបាន[យកមក]ឧបត្ថម្ភ ជូនអ្នករបួស ក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់​។ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែក ប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជិវិត ដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភ ក្នុងម្នាក់
ចំនួន ៣មុឺនដុល្លា។ សរុបអ្នករបួស ចំណាយអស់៣០មុឺនដុល្លា។»

«ថវិកានៅសល់ ១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើរៗគ្នា សម្រាប់[គ្រួសារ]អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួល[បាន] ចំនួន ៦៧,៨០០ដុល្លារ។ នេះ មិនគិតពីថវិការាជរដ្ឋាភិបាល ១មុឺនដុល្លា ដែលជូនដល់គ្រួសារអ្នកស្លាប់​មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ៕»

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុដែលធ្វើអោយប្រជាជនជាទី ស្រឡាញ់របស់យើងស…

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, June 24, 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។