កម្ពុជា

កម្ពុជាថា បុរសជាតិវៀតណាម​ឆ្លង​ជំងឺ​«Covid-19» នៅលើ​ទឹកដី​វៀតណាម

ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោល ករណីបុរសជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការវៀតណាម រាយការណ៍ថា បានឆ្លងជំងឺ «Covid-19» ពីប្រទេសកម្ពុជា។ ក្រសួងបានវាយតម្លៃថា បុរសរូបនោះ បានឆ្លងជំងឺនេះ នៅលើទឹកដីវៀតណាម ខ្លួនឯង។

សេចក្ដីប្រកាស របស់អាជ្ញាធរសុខាភិបាលកម្ពុជា ចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែឧសភានេះ បានឲ្យដឹងថា ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត​សៀមរាប រកមិនឃើញ​«ឈ្មោះ»​ជនជាតិវៀតណាម ដូច​«ការចុះផ្សាយ»​នោះ របស់​សារព័ត៌មាន​វៀតណាម​ នោះទេ។

លិខិតផ្លូវការនោះ បានសរសេរបន្តថា៖

«ម្យ៉ាងវិញទៀត តាមរយៈប្រព័ន្ធរាយការណ៍ឲ្យគ្នា ទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុង​​បណ្តាប្រទេសអាស៊ាន ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏មិនទទួលបាន នូវ​ព័ត៌មាន​ផ្លូវការណាមួយ ស្តីអំពីករណីដូចការចុះផ្សាយនោះដែរ។ ដូច្នេះ បុគ្គលជនជាតិ វៀតណាម​រូបនេះ គឺឆ្លង​[ជំងឺកូវីដ-១៩] នៅលើ​ទឹកដី​វៀតណាម តែម្តង មិនមែន​នៅ​កម្ពុជា ដូចការលើកឡើង​នោះឡើយ។»

«ករណីនាំចូល» នៅលើ​ទឹកដី​វៀតណាម

ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជា​ទីភ្នាក់ងារ​ផ្លូវការ របស់រដ្ឋវៀតណាម បានចុះផ្សាយ កាលពី​ថ្ងៃអាទិត្យម្សិលម៉ិញថា ពលរដ្ឋវៀតណាមម្នាក់ ត្រូវបានរកឃើញ មានជំងឺ «Covid-19» បន្ទាប់ពីបុរសអាយុ ៣៩ឆ្នាំរូបនេះ វិលត្រឡប់ពីប្រទេសកម្ពុជាវិញ។ ពលរដ្ឋ​វៀតណាមខាងលើ ស្និតក្នុងចំណោម​អ្នកជំងឺ៤នាក់ ដែលបានឆ្លងជំងឺ​ដ៏ចង្រៃ និងដែល​សុទ្ធសឹង ជា«ករណីនាំចូល»។

សម្រាប់សារព័ត៌មាន «VNexpress» វិញ បានរៀបរាប់លំអិតបន្ថែម នៅលើ​គេហទំព័រ​របស់ខ្លួន ថាបុរសរូបនោះ បាន​ធ្វើ​ដំណើរ​ ទៅ​កាន់ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​បានធ្វើដំណើរ ​ចេញពី​កម្ពុជា ដើម្បី​វិល​ត្រឡប់ ​ទៅ​វៀតណាម​វិញ​ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ដោយឆ្លងកាត់តាម«ផ្លូវរបៀង» ព្រោះព្រំដែនរវាងកម្ពុជា-វៀតណាម បានបិទ​តាំងពីដើមខែមេសាមក។

«VNexpress» បានរៀបរាប់ថា បុរសនោះបាន​ជិះម៉ូតូឌុប និងបើកបរ ដោយ​ជនជាតិ​ខ្មែរ ឆ្ពោះទៅកាន់​ផ្ទះ​ម្ដាយ​មីង ដែលស្ថិតក្នុងស្រុកតាន់ចូវ ខេត្ត​​តាយនីញ (ខេត្តរោងដំរី នៅ​កម្ពុជាក្រោម) ហើយបន្ទាប់មក ត្រូវបានអាជ្ញាធរ ដាក់​គាត់​​ឲ្យនៅ ដាច់ដោយឡែក តាំងពីថ្ងៃទី៣ ខែឧសភា រហូតមកដល់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែឧសភា មានរយៈពេល១៣ថ្ងៃ

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានសរសេរ តាម​បណ្ដាញ​តេឡេហ្គាម ឲ្យដឹងថា៖

«ករណីជនជាតិវៀតណាម [ខាងលើ]នេះ គឺមិនមានភាពជាក់លាក់ ហើយក៏មិនអាច​នឹង​វាយតម្លៃថា ការចម្លងនេះ គឺកើតចេញ ពីព្រះរាជាណាចក្រកម្ពុជាដែរ ដោយសារ​បុគ្គល​នោះ បានទៅដល់ប្រទេសវៀតណាម គិតទៅ ហួសពី១៤ថ្ងៃទៅហើយ មកទល់ពេល​ដែល​ចុះផ្សាយថា រកឃើញវិជ្ជមាននោះ។

មិនខុសទេ ! បើតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា បុរស​រូបនេះ ទៅដល់ទឹកដី​វៀតណាម នៅថ្ងៃទី២ ខែឧសភា ហើយត្រូវបានសារព័ត៌មាន យកមក​​រាយការណ៍ នៅថ្ងៃអាទិត្យទី១៧ ខែឧសភា ដែលត្រូវជា ជា១៥ថ្ងៃក្រោយមក។

ផ្ទុយទៅវិញ បើគិត​តាម​ក្បួនខ្នាត ​​បច្ចេកទេស​វេជ្ជសាស្ត្រ ឲ្យដឹងថា ក្រុមគ្រូពេទ្យវៀតណាម បានយកឈាម​​បុរសរូប​នោះ ទៅធ្វើតេស្ដិ៍ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ហើយបើរាប់​ពីថ្ងៃ​ទី២ ខែឧសភាមក គឺមាន​រយៈពេល ត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះ។

នេះ គេនៅមិនទាន់គិត​ផងទេថា បុរស​អ្នកជំងឺខាងលើ​ អាចចេញរោគសញ្ញា នៃជំងឺ​«Covid-19» នៅមុនថ្ងៃសុក្រ ទី១៥ ខែឧសភា ទើបអាចឲ្យការធ្វើតេស្ដិ៍ នៅថ្ងៃសុក្រនោះ ចេញ​លទ្ធផលឲ្យដឹង ថាបុសរូបនេះ​មានផ្ទុកមេរោគ។

ផ្ដល់មេរៀនត្រឡប់វិញ…

ជារឿយៗ និងសឹងតែគ្រប់ករណីទាំងអស់ នៅខណៈ​អាជ្ញាធរប្រទេសផ្សេង បានរកឃើញ​ករណី​ឆ្លង ចេញ​ពីកម្ពុជា ករណីទាំងនោះ តែងត្រូវបានអាជ្ញាធរកម្ពុជាបដិសេធ និងផ្ដល់​មេរៀន​ត្រឡប់ទៅវិញ ដោយ​ប្រាប់​អាជ្ញាធរ ឬសារព័ត៌មានទាំងនោះ ឲ្យគោរពតាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍ និយ័តកម្ម​អន្តរជាតិ មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ​ព័ត៌មាន។

ដូចលិខិត របស់រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែឧសភានេះ បានសរសេរ​ឲ្យ​មេរៀន ទៅភាគីវៀតណាមដូច្នេះថា៖

«ក្រសួង​សូមអំពាវនាវ ដល់ភាគីមិត្តវៀតណាម សូមគោរពតាម បទដ្ឋានបច្ចេកទេស និង​គោលការណ៍ និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹង​ធ្វើការសន្និដ្ឋាន ឬ​ចុះផ្សាយ ដែលជាការ​ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំ​ប្រឹងប្រែង របស់កម្ពុជា ជាពិសេស នៅក្នុង​ដំណាក់កាល ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ នេះ ដើម្បីជាផល​ប្រយោជន៍ ដល់ប្រជាជន​ទាំងពីរ​ប្រទេស៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។