មិនអន់ដល់ចុងក្រោយគេបង្អស់ទេ តែគ្រាន់ជាងចំណាត់ថ្នាក់ចុងក្រោយបង្អស់មួយលេខ។ «គម្រោងយុត្តិធម៌ពិភពលោក» ដែលជាកម្មវិធី របស់អង្គការសង្គមស៊ីវិលអន្តរជាតិមួយ មានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានដាក់លេខ«បាតតារាង»ជិតចុងក្រោយគេបង្អស់នេះ ឲ្យដល់កម្រិតនីតិរដ្ឋនៅកម្ពុជា។
របាយការណ៍របស់ «គម្រោងយុត្តិធម៌ពិភពលោក (World Justice Project)» ស្ដីពីកម្រិតនីតិរដ្ឋនៅតាមប្រទេសចំនួន១១៣ នៅក្នុងពិភពលោក ដែលចេញផ្សាយក្នុងដើមខែកុម្ភៈនេះ បានផ្តល់ពិន្ទុ ០,៣២ ឲ្យកម្ពុជាសម្រាប់ការគោរព-អនុវត្តច្បាប់ អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ សន្តិសុខសណ្ដាប់ធ្នាប់ និងប្រព័ន្ធយុត្តិធម៌ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ ១១២ លើ១១៣។ ចំណាត់ថ្នាក់នេះ មិនបានផ្លាស់ប្ដូរទេ បើធៀបនឹងឆ្នាំមុន។
តារាងចំណាត់ថ្នាក់ ឆ្នាំ២០១៧-២០១៨ របស់គម្រោងអន្តរជាតិខាងលើ បានបង្ហាញថា ប្រទេសដែលអន់ជាងគេកម្ពុជា មានតែមួយប៉ុណ្ណោះ គឺប្រទេសវេណេស៊ុយអេឡា ដែលជាប់លេខ១១៣ (ជាមួយពិន្ទុ ០,២៩)។ ផ្ទុយទៅវិញប្រទេស អាហ្វហ្គានីស្ដង់ ដែលមេដឹកនាំកម្ពុជាតែងរិះគន់ថា ញាំញីដោយសង្គ្រាមនោះ ជាប់លេខ១១១ ជាមួយពិន្ទុ ០,៣៤ ស្ថិតនៅលើកម្ពុជា។
បើនិយាយនៅក្នុងតំបន់ ចំណាត់ថ្នាក់ជិតចុងគេបង្អស់នេះ មិនអនុញ្ញាតឲ្យកម្ពុជា ធ្វើការធៀបខ្លួន ទៅនឹងបណ្ដាប្រទេសជិតខាងខ្លួនបានទេ។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ សុទ្ធតែមានចំណាត់ថ្នាក់ល្អជាងកម្ពុជា ដូចជា ហ្វីលីពីនលេង៨៨ វៀតណាមលេខ៧៤ ថៃលេខ៧១ ឥណ្ឌូនេស៊ីលេខ៦៣ និងម៉ាឡេស៊ីលេខ៥៣។ រីឯភូមាដែលទើបចេញ ពីរបបដឹកនាំយោធាផ្ដាច់ការនោះ ក៏មានចំណាត់ថ្នាក់ប្រសើរជាងកម្ពុជាដែរ (លេខ១០០)។ សម្រាប់ប្រទេសសិង្ហបូរីវិញ លោតឡើងដល់លេខ១៣ ដែលសឹងតែមានន័យថា ជាកំពូលចំណាត់ថ្នាក់។
សម្រាប់ប្រទស ដែលជាប់ចំណាត់ខ្ពស់ជាងគេ មានប្រទេសដាណឺម៉ាកលេខ១ ណ័វេសលេខ២ ហ្វាំងឡង់លេខ៣ ស៊ុយអែដលេខ៤ និងហូឡង់លេខ៥។ ប្រទេសមួយចំនួនដែលតែងអួតអាងថា ជាបីតាប្រជាធិបតេយ្យ ដូចយ៉ាងបារាំង ជាប់លេខ១៨ និងសហរដ្ឋអាមេរិក ជាប់លេខ១៩។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងត្រូវការពេល សិក្សាទៅលើរបាយការណ៍ខាងលើ ដើម្បីឲ្យដឹងថា របាយការណ៍នេះនិយាយពីអ្វីខ្លះសិន មុននឹងធ្វើប្រតិកម្មតបវិញ។ លោកថា កម្ពុជាបានធ្វើកំណែទម្រង់ច្រើនហើយ លើប្រព័ន្ធយុត្តិធម៌របស់ខ្លួន បើទោះជាមានការខ្វះចន្លោះខ្លះក៏ដោយ។
ក្នុងរបាយការណ៍សន្ទស្សន៍ ឆ្នាំ២០១៨ របស់អង្គការតម្លាភាពអន្តរជាតិ ស្ដីពីអំពើពុករលួយ ប្រទេសកម្ពុជា ក្រោយរបបដឹកនាំលោក ហ៊ុន សែន ក៏មានពិន្ទុមិនសូវល្អដែរ។ របាយការណ៍នោះ ដែលទើបចេញផ្សាយ កាលពីចុងខែកន្លងទៅ បានផ្ដល់ពិន្ទុសម្រាប់កម្ពុជា ឲ្យជាប់លេខជិត«បាតតារាង»ដូចគ្នា គឺលេខ១៦១ ពីក្នុងចំណោម១៨០ប្រទេស។
សូមជម្រាបជូនថា «គម្រោងយុត្តិធម៌ពិភពលោក» ធ្វើការតាមរយៈកម្មវិធីចំនួន ៣ គឺ (១) ការស្រាវជ្រាវ និងអាហារូបករណ៍ (២) របាយការណ៍សន្ទស្សន៍ចំណាត់ថ្នាក់ ស្ដីពីនីតិរដ្ឋ និង (៣) ការចូលរួម។ គម្រោងនេះព្យាយាមបង្កើនការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់ជាមូលដ្ឋាននៃនីតិរដ្ឋ ជំរុញការកែទម្រង់របស់រដ្ឋាភិបាល និងបង្កើតកម្មវិធីជាក់ស្តែង នៅថ្នាក់សហគមន៍៕