កម្ពុជា

កម្ពុជា​ស៊ើបអង្កេត«ករណី​ចាប់ពង្រត់»​សកម្មជន​ថៃ តាមការស្នើ​ពី​ស្ថានទូត​ថៃ

បន្ទាប់ពីមិនអើពើ តាំងពីច្រើនថ្ងៃមក នៅថ្ងៃនេះអាជ្ញាធរកម្ពុជា បានប្រកាស​បើក​ការស៊ើបអង្កេតទៅលើ ករណី​ចាប់ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃម្នាក់ ពីខាងមុខអាគារស្នាក់នៅ​របស់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។

ការប្រកាសរបស់អាជ្ញាធរកម្ពុជា ធ្វើឡើងដើម្បីឆ្លើយតប នឹងកំណត់ទូត​របស់ស្ថានទូតថៃ ប្រចាំនៅកម្ពុជា ដែលបានផ្ញើរមកក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីស្នើសុំ​ឱ្យអាជ្ញាធរកម្ពុជា ពិនិត្យ និងផ្ទៀងផ្ទាត់ ពីព័ត៌មានដ៏ភ្ញាក់ផ្អើលមួយនេះ។

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំ​ពាក្យ​​ស្ថាប័នមួយនេះ ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក មកចុះផ្សាយថា សមត្ថកិច្ចកម្ពុជា កំពុងធ្វើការស្រាវជ្រាវ អំពីករណីខាងលើ។ តែមន្ត្រីអ្នកនាំពាក្យ បាន​បដិសេធថា កម្ពុជាមិនបានចាប់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ​នោះទេ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានស្រង់ខ្លឹមសារ នៃកំណត់ទូត​របស់ស្ថានទូតថៃ មកបញ្ជាក់ថា ស្ថានទូតថៃបានសួរនាំ អំពីព័ត៌មាននៃការចាប់ខ្លួន សក​ម្ម​ជនខាងលើ ដោយសួរថា ពិតជាមានការចាប់ខ្លួនពិតមែន ឬយ៉ាងណា។ ជា​មួយ​គ្នានេះ ស្ថានទូតថៃក៏បានស្នើសុំ ឱ្យអាជ្ញាធរកម្ពុជាផ្ទៀងផ្ទាត់ ជុំវិញព័ត៌មាន ដែលបាន​ផ្សព្វផ្សាយ ជាបន្តបន្ទាប់ ពីការចាប់ខ្លួន​ដ៏គួរឲ្យសង្ស័យ។

កាលពីម្សិលម៉ិញ បណ្ដាជនថៃប្រមាណជិត១០០នាក់ បានប្រមូលគ្នាធ្វើបាតុកម្ម នៅខាង​មុខស្ថានទូតកម្ពុជា ប្រចាំនៅរាជធានីបាងកក ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជា បើក​ការស៊ើប​អង្កេត អំពីករណីនេះ។

សកម្មជនប្រជាធិបតេយ្យ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាននិរទេស​ខ្លួន មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤។ ​លោកមាន​ទំនាក់​ទំនង ​យ៉ាងជិតស្និត ​ជាមួយ​រណសិរ្ស​រួបរួម ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ (The United Front for Democracy Against Dictatorship – UDD)​ ដែលគេ​ស្គាល់​ថា ​ជា​ក្រុម​អាវ​ក្រហម​របស់​ប្រទេសថៃ។​

ក្នុងរយៈពេល នៃការរស់នៅនិរទេសខ្លួន យុវជនអាយុ៣៧ឆ្នាំរូបនេះ នៅតែបន្ត​ធ្វើការ​រិះគន់ ដោយមិនសំចៃមាត់ ទៅលើ​លោក ប្រាយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃ របស់​ប្រទេស​ថៃ។ វីដេអូ​ចុងក្រោយ របស់លោក វ៉ាន់ឆាឡឺម ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក៏ជា​ការរិះគន់ ទៅលើ​អតីត​មេទ័ពថៃរូបនេះ ដែលបាន​ដឹកនាំ​ធ្វើរដ្ឋប្រហារ កាលពីឆ្នាំ​២០១៤​នោះដែរ។

សាក្សីជាច្រើននាក់ បានអះអាងថា ហេតុការណ៍​នៃ​«ករណី​ចាប់ពង្រត់»នោះ កើតឡើង​នៅ​វេលាម៉ោង ប្រមាណជាង៥ល្ងាច នៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា។ នៅខណៈលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ចុះមកទិញចំណីអាហារ នៅខាងមុខអាគារស្នាក់នៅរបស់លោក ក្រុមមនុស្សបិទមុខមួយក្រុម បានចុះពីរថយន្ដពណ៌ខ្មៅ និងបានចាប់ក្រៀក សកម្មជន​រូបនេះ ដាក់ចូលក្នុងរថយន្ដ ហើយបើកចេញទៅ​បាត់ស្រមោល។

រូបភាពកាម៉េរាសុវត្ថិភាព បានបង្ហាញថា ភ្នាក់ងារ​សន្តិសុខខ្មែរពីរនាក់ មានបំណងចូល​ទៅធ្វើ​អន្តរាគម តែបានអាក់ខាន​វិញ ដោយទំនងជាខ្លាច ក្រុមជនបិទមុខ​ទាំងនោះ ដែល​​ប្រដាប់​​ដោយអាវុធ។

លោក «Andrew MacGregor Marshall» អ្នកសារព័ត៌មាន ជាតិអង់គ្លេស ដែលជំនាញ​ខាងប្រមាញ់ព័ត៌មាន ចេញពីព្រះបរម​រាជវាំងថៃ បានអះអាងថា គឺព្រះរាជា​ថៃ​ផ្ទាល់​តែម្ដង ជាអ្នកបញ្ជា​ឲ្យចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ហើយសកម្មជន​នយោបាយ​រូបនេះ ទំនងជាត្រូវបានសម្លាប់ភ្លាមៗ នៅក្រោយនាំខ្លួន​ចេញផុត ពី​រាជធានី​ភ្នំពេញ។

អ្នកសារព័ត៌មានដ៏ល្បីខាងលើ បានអះអាងនៅលើទំព័រទ្វីសធើររបស់លោកថា៖

«សពលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ទំនងជាត្រូវបានកប់ នៅក្នុងតំបន់​ដាច់ស្រយ៉ាល​មួយ ក្នុងប្រទេសកម្ពុជា ឬក៏ត្រូវបានពន្លិច ចូលទៅបាតស្ទឹង ឬបាតបឹងណាមួយ នៅកម្ពុជា។»

យ៉ាងណា បើទោះជាដំណឹងខាងលើ ត្រូវបានបញ្ជាក់ ដោយសកម្មជនមួយចំនួន នៃ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ក្ដី ក៏គ្មានប្រភពផ្លូវការណាផ្សេង បានអះអាង ឬផ្ទៀងផ្ទាត់​បន្ថែម ពីព័ត៌មានចាប់ពង្រត់ បញ្ជា​ដោយ​ព្រះមហាក្សត្រ​ថៃនេះទេ។

សារព័ត៌មាននានាក្នុងទ្វីបអ៊ឺរ៉ុប បានអះអាងថា ក្នុងអំឡុងពេល នៃការចាប់​ពង្រត់​សកម្មជន នៅរាជធានីភ្នំពេញ ព្រះមហាក្សត្រថៃ កំពុងគង់ប្រថាប់ នៅក្នុងសណ្ឋាគារ «Waldegg» នៃក្រុង «Engelberg» (ភាគ​កណ្ដាល​ប្រទេសស្វីស) ជាមួយព្រះជាយាទ្រង់ គឺព្រះនាង សុធីតា (Suthida) ដើម្បីប្រារព្ធ​ពិធីបុណ្យ​ចម្រើនព្រះជន្ម ថ្វាយព្រះនាង នៅទីនោះ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។