កម្ពុជា

កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ។

ក្នុងជំនួបជាមួយលោក «Fayyar Sheheryar» ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ ហៅកាត់ជាភាសាអង់គ្លេសថា «AIBD» លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរ អំពីការផ្សព្វផ្សាយ តាមបច្ចេកវិទ្យា អាណាឡុក (Analog) ទៅជា ឌីជីថល ដោយនឹងត្រូវបញ្ចប់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ។

ពេលវេលាផ្ដល់ដោយលោក ហ៊ុន សែន ហាក់បានបន្ថែម និងកាន់តែយូរ ជាងពេលវេលា ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់អះអាង និងបើធៀបនឹងការអះអាងជាញយដង របស់លោកនាយករដ្ឋមន្ត្រីខ្លួនឯងថា រដ្ឋាភិបាលរបស់លោក កំពុងដឹកនាំប្រទេស ជាមួយបច្ចេកវិទ្យាទំនើប។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានប្រកាសតាំងពីអំឡុង ខែតុលា ឆ្នាំ២០១២ ថាក្រសួងលោក បានផ្តោតការយកចិត្តទុកដាក់ លើការរៀបចំផែនទី បង្ហាញទិសស្របតាមទិសដៅកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន ដែលត្រូវបញ្ចប់ការផ្សាយទូរទស្សន៍ប្រព័ន្ធអាណាឡុក ហើយត្រូវប្ដូរទៅជាប្រព័ន្ធឌីជីថល យ៉ាងយូរត្រឹមឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានថ្លែងនៅពេលនោះថា ដើម្បីសម្រួលដល់ទម្លាប់ពលរដ្ឋជាច្រើន ដែលនៅមានទូរទស្សន៍ អាណាឡុក នៅឡើយនោះ ក្រសួងនឹងខិតខំធ្វើបន្តិចម្ដងៗ ដើម្បីប្ដូរការផ្សាយតាមប្រព័ន្ធ អាណាឡុក ទៅជាការផ្សាយតាមប្រព័ន្ធ ឌីជីថលទាំងស្រុង និងកំណត់យកឆ្នាំ២០២០ ជាឆ្នាំចុងក្រោយបំផុត ដើម្បីឲ្យការផ្លាស់ប្ដូរនេះ ចេញជារូបរាង។

ប្រព័ន្ធផ្សាយរូបភាព និងសម្លេង ជាលក្ខណៈឌីជីថល ហៅហៅជាភាសាអង់គ្លេស «Digital Video Broadcasting – Terrestrial (DVB-T)» ត្រូវបានរកឃើញ និងប្រកាសចេញ នៅឆ្នាំ១៩៩៧ ហើយត្រូវបានចក្រភពអង់គ្លេស យកមកប្រើ និងដាក់ឲ្យដំណើរការមុនគេបំផុត នៅឆ្នាំ១៩៩៨។

ប្រព័ន្ធ «DVB-T» អនុញ្ញាតឲ្យមានការបាញ់ និងការចាប់រលករូបភាព និងសម្លេង ដោយគុណភាពខ្ពស់ ហើយបានវិវត្តន៍ខ្លួនបន្តិចម្ដងៗ ចេញពីគុណភាពត្រឹម «HQ-TV» រហូតមកដល់សព្វថ្ងៃ «8K-TV» ដោយឆ្លងកាត់តាម «HD-TV» «FullHD-TV» និង «UltraHD-TV»។

ប្រទេសនៅជុំវិញកម្ពុជា សឹងតែទាំងអស់ បានប្រើប្រាស់ការផ្សាយ តាមបែបប្រព័ន្ធថ្មីនេះ តាំងពីច្រើនឆ្នាំហើយ ដូចជាប្រទេសសិង្ហបូរី ក្នុងឆ្នាំ២០០៧ – វៀតណាម ក្នុងឆ្នាំ២០១១ – ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១២ – ថៃ ក្នុងឆ្នាំ២០១៤ – និងប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៦​ជាដើម។

ប្រទេសអៀរ៉ាក់ និងអាហ្វហ្គានីស្ដង់ ដែលតែងត្រូវមេដឹកនាំកម្ពុជា ចាត់ទុកថា ជាប្រទេសញាំញ៉ីដោយសង្គ្រាមនោះ បានដាក់ឲ្យប្រើប្រព័ន្ធនេះ តាំងពីឆ្នាំ២០១១ និងឆ្នាំ២០១៥៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។