កម្ពុជា

កម្ពុជា ជាប់ក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​ដែលរាំងខ្ទប់​គេហទំព័រសារព័ត៌មាន

«កម្ពុជា»ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសាងកេរ្ដិ៍ឈ្មោះ​បន្ថែមទៀត នៅជុំវិញ​ពិភពលោក ដោយបានជាប់នៅក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​មេកន្ទ្រាញ និងផ្ដាច់ការ ដែលធ្វើការ​រាំងខ្ទប់​គេហទំព័រ​សារព័ត៌មានឯករាជ្យ។

ការចាត់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅក្នុងបញ្ជីដែលមានឈ្មោះដ៏អាក្រក់ ធ្វើឡើង​ដោយ​អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដែលមានទីស្នាក់ការធំ ក្នុងរដ្ឋធានី ប៉ារីស (បារាំង) ក្នុងដើមខែវិច្ឆិកានេះ តាមរយៈកម្មវិធីមួយ របស់អង្គការអន្តរជាតិនេះ ដែលមាន​ឈ្មោះថា «Collateral Freedom»។

មកដល់ថ្ងៃនេះ កម្មវិធី «Collateral Freedom» បានចុះឈ្មោះប្រទេសចំនួន១៨ ដែល​សុទ្ធសឹងជាប្រទេសប្រកាន់យក នូវការដឹកនាំ​តាមបែបផ្ដាច់ការ មានដូចជាប្រទេស ចិន វៀតណាម ភូមា ថៃ និងប្រទេសជាច្រើន ក្នុងតំបន់មជ្ឈឹមបូព៌ា។ គោលបំណងរបស់ «Collateral Freedom» គឺទាមទារ​ឲ្យធ្វើការបើកចំហរ​សេរីភាពសារព័ត៌មាន នៅជុំវិញ​ពិភពលោក និង«បំបែក​ការរាំងខ្ទប់» សម្រាប់គេហទំព័រសារព័ត៌មានឯករាជ្យទាំងឡាយ ដែលរងគ្រោះ​នៅក្នុងប្រទេសទាំងនោះ។

កម្មវិធីខាងលើ ត្រូវបានបង្កើតឡើង តាំងពីអំឡុងខែមីនា ឆ្នាំ២០១៥ តែអង្គការ​អ្នកយកព័ត៌មាន​​គ្មានព្រំដែន ទើបនឹង​សម្រេច​ចាត់ប្រទេស កម្ពុជា ចូលក្នុង«បញ្ជីខ្មៅ»នៃកម្មវិធីរបស់ខ្លួន ជាផ្លូវការ ក្នុងចុងឆ្នាំ២០២០នេះ បន្ទាប់ពី​គេហទំព័រទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ (MONOROOM.info) ត្រូវបានរាំងខ្ទប់ នៅក្នុងព្រះរាជាណាចក្រ  និងរងការរំខាន មិន​ស្រាកស្រាន្ដ រាប់ពីចុងខែមីនា​កន្លងមក។

ទំព័រ «Collateral Freedom» របស់ប្រទេសកម្ពុជា មានសរសេររៀបរាប់ត្រួសៗថា៖

«ដោយខ្លាចបាត់បង់អំណាច ដែលលោកមាន តាំងពីជាង៣០ឆ្នាំមកនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាប​យ៉ាងចាស់ដៃ ទៅលើ​សេរីភាពសារព័ត៌មាន ជាពិសេសនៅមុនការបោះឆ្នោតសាកល ឆ្នាំ២០១៨ ដោយ​ដាក់បាតដៃរបស់លោក ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សឹងតែទាំងអស់ ហើយបិទ​សារព័ត៌មាន​​ឯករាជ្យ ​រួចគម្រាមកំហែង និងចាប់អ្នកកាសែត​ដាក់គុក…។»

អង្គការអន្តរជាតិ ដែលមានឯកទេស ខាងការពារសេរីភាពសារព័ត៌មាន នៅជុំវិញផែនដី បាន​បន្តថា ដោយកង្វះ​ព័ត៌មាន ប្រកបដោយតុល្យភាព និងតម្លាភាព ពលរដ្ឋកម្ពុជា​បាន​ងាក ទៅស្វែងរក​ព័ត៌មាន ដែលផ្សាយ​នៅតាមបណ្ដាញអ៊ិនធើណែត និងនៅលើ​បណ្ដាញ​សង្គម ដែលបានក្លាយជាទីកម្សាន្ដ ដ៏មានប្រជាប្រិយភាព។

«តែមិនទាន់ចប់នៅឡើយទេ ព្រោះព័ត៌មានដ៏រសើបៗ ដែលផ្សាយចេញ ដោយគេហទំព័រ​ទាំងនោះ នឹងត្រូវអាជ្ញាធរ​លាបពណ៌ ដោយហៅថាជា”«Fake News” ហើយ​គេហទំព័រ​ណា ដែលផ្សាយ​ព័ត៌មានខាងលើ នឹងត្រូវរង​ការរាំងខ្ទប់។»

អង្គការ «RWB /RSF» បន្តទៀតថា៖

«ក្រោមលេស នៃការប្រយុទ្ធទល់នឹងការរាតត្បាតជំងឺ “Covid-19” របបដឹកនាំ​នៅកម្ពុជា​សព្វថ្ងៃ បានអនុម័ត​ច្បាប់មួយ កាលពីអំឡុងខែមេសា ដើម្បីប្រកាសដាក់ប្រទេស ក្នុងគ្រា​មានអាសន្ន ដោយ​ដាក់​​ឲ្យមាន នូវការរាំងខ្ទប់ជាទូទៅ និងការឃ្លាំមើល​​យ៉ាងដិតដល់ រាល់ទម្រង់​​នៃប្រព័ន្ធ​ទូរគមនាគម​ទាំងឡាយ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។