កម្ពុជា

ឯកអគ្គរាជទូតអូស្ត្រាលី សរសើរ​«សេចក្ដីក្លាហាន»​របស់​ក្រុមស្ត្រី​អ្នកតវ៉ា

ឯកអគ្គរាជទូតនៃកោះអូស្ត្រាលី ប្រចាំកម្ពុជា លោក ប៉ាប្លូ ឃេង (Pablo Kang) បានសរសើរអំពី«សេចក្ដីក្លាហាន» របស់ក្រុមស្ត្រីអ្នកតវ៉ា នៅចំពោះសកម្មភាពទាមទាររបស់ពួកគាត់ ដោយអហិង្សា និងដោយសន្តិវិធី។

លោក ប៉ាប្លូ ឃេង បានលើកឡើងដូច្នេះ នៅលើទំព័រទ្វីសធើរផ្លូវការរបស់លោក ដោយអមនឹងរូបថតពីសន្លឹក បង្ហាញពីការទទួលជួប ក្រុមស្ត្រីទាំងនោះ ដោយអ្នកស្រី «Sarah Leary» លេខាទីមួយនៃស្ថានទូតអូស្ត្រាលី នៅក្នុងបរិវេណស្ថានទូត នារាជធានីភ្នំពេញ។

ឯកអគ្គរាជទូតអូស្ត្រាលី បានសរសេរថា៖

«កាលពីសប្ដាហ៍មុន អ្នកស្រី “Sarah Leary” បានទទួលជួប “ក្រុមស្ត្រីនៃថ្ងៃសុក្រកម្ពុជា” ដែលបានធ្វើបាតុកម្ម នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រឆាំង​នឹង​ការចាប់ខ្លួន ដែលត្រូវបានធ្វើឡើង ចំពោះក្រុមគ្រួសារ​របស់ពួកគាត់។»

លោក ប៉ាប្លូ ឃេង បានបញ្ជាក់ពីជំហររបស់កោះអូស្ត្រាលី នៅចំពោះបាតុកម្មទាមទារ របស់ស្ត្រីទាំងនេះថា៖

«យើងសូមសំដែងការស្ងើចសរសើរ ចំពោះសេចក្ដីក្លាហាន របស់ស្ត្រីទាំងនេះ ក្នុងការក្រោកឈរឡើង ដើម្បីការពារជំនឿ និងសិទ្ធិរបស់ពួកគាត់ តាមរយៈការធ្វើបាតុកម្ម ដោយសន្តិវិធី និងដោយអហិង្សា៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។