កម្ពុជា

ខ្លីៗ​ពីបារាំង៖ ច្បាប់«ប្រកាស​ភាពអាសន្ន»​របស់​កម្ពុជា រង​ការរិះគន់

បើសិនជារដ្ឋាភិបាលបារាំង មិនបង្ហាញជំហរជាផ្លូវការ នៅចំពោះការបង្កើតច្បាប់«ប្រកាសភាពអាសន្ន»ថ្មី យ៉ាងតក់ក្រហក់ ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ តែមិនមានន័យថា ប្រទេសបារាំងមិនបានដឹង អ្វីសោះនោះឡើយ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។

របាយការណ៍ខ្លីៗនោះ ដែលចេញផ្សាយសឹង ជារៀងរាល់សប្ដាហ៍ បានសរសេរថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស ស្ថិតក្នុងភាពអាសន្ន ត្រូវបានចុះហត្ថលេខា ឲ្យប្រើប្រាស់ ដោយប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ។ តែច្បាប់នេះ មិនត្រូវបានយកមកអនុវត្តន៍ ក្នុងពេលនេះនៅឡើយ បើធៀបនឹងវិបត្តិ​ផ្នែកសុខាភិបាល បង្កឡើងដោយការរាតត្បាត នៃជំងឺ«Covid-19» ដែលកម្ពុជា ទំនងជាគ្រប់គ្រង​ស្ថានការណ៍ បានរួចហើយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានសរសេរទៀតថា៖

«អត្ថបទច្បាប់”ប្រកាសភាពអាសន្ន”នេះ ត្រូវបានរិះគន់ មិនត្រឹមតែដោយអង្គការក្រៅរដ្ឋាភិបាល សិទ្ធិមនុស្ស ទាំងក្នុងស្រុក និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលជាអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាមួយរូបផង ដែលអះអាងថា ច្បាប់ខាងលើ អាច”មានសក្តានុពល ត្រូវបានប្រើ ដើម្បីរំលោភសិទ្ធិឯកជន និងរឹតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ សិទ្ធិបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី”។»

របាយការណ៍ដដែលនោះ បានលើកមកអះអាងផងដែរ អំពីការធ្លាក់ចុះយ៉ាងគំហុក នៃអ្នកទេសចរណ៍បរទេស ដែលចូលមកកម្សាន្ដ នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលរីករាលដាល នៃវិបត្តិជំងឺ«Covid-19»។ អត្ថបទខ្លីៗ បានសរសេរថា៖

«ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរណ៍បរទេស ចំនួន ១,២លាននាក់ ក្នុង​ត្រីមាស​ដំបូង នៃឆ្នាំ២០២០នេះ ដោយធ្លាក់ចុះ៣៨% បើធៀបនឹងរដូវកាលដូចគ្នា នៃឆ្នាំ​កន្លង​ទៅ (តួលេខរបស់​ក្រសួង​ទេសចរណ៍​កម្ពុជា)។»

«នៅខេត្តសៀមរាប មានភ្ញៀវ​ទេសចរណ៍ ត្រឹមតែ​៦៥៤នាក់ ដែលបានទិញសំបុត្រ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ក្នុងខែមេសា​តែមួយ ដែលរកបានប្រាក់ចំណូល មានប្រមាណ ២៩ ៣៦៨ដុល្លារ ដែល​ធ្លាក់ចុះ​ប្រមាណជា ៩៩,៥% បើធៀបនឹងប្រាក់ចំណូល នឹងរដូវកាល​ដូចគ្នា កាលពី​ឆ្នាំ​មុន។»

«រវាងពីខែមករា មកដល់ខែមេសា ឆ្នាំ២០២០ ប្រាក់ចំណូល​ក្នុង​រមណីយដ្ឋាន​អង្គរ បាន​ថយចុះ​ជិត៦០% ដោយរកបាន ប្រមាណជា១៨លានដុល្លារ ជាមួយនឹងភ្ញៀវទេសចរណ៍ ៣៨៤ ៣២៧នាក់៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។