នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹងចុះហត្ថលេខា ជាមួយចិនកុម្មុយនីស្ដិ៍ នៅថ្ងៃទី១២ ខែសីហាខាងមុខ លើកិច្ចព្រមព្រៀង«ពាណិជ្ជកម្មសេរី» រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ហើយថ្ងៃទី១២ ខែសីហា ដែលជាថ្ងៃចុះហត្ថលេខានេះ មិនមែនត្រូវបានជ្រើសរើសឡើង ដោយចៃដន្យនោះឡើយ។
របាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានពន្យល់ថា ព្រោះថ្ងៃទី១២ ខែសីហានោះ ជាថ្ងៃកំណត់របស់សហភាពអ៊ឺរ៉ុប (EU) ដែលនឹងចូលជាធរមាន នូវការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដោយអ៊ឺរ៉ុបចាប់ផ្ដើមយកពន្ធ ដូចធម្មតាឡើងវិញ នៅចំពោះមុខទំនិញ ចំនួនប្រមាណជា២០% ដែលនាំចេញពីកម្ពុជា ចូលទៅក្នុងទីផ្សារអ៊ឺរ៉ុប។
អត្ថបទខ្លី តែមានន័យខ្លឹម របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង) បានសរសេរថា លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ទៅកាន់រដ្ឋធានីប៉េកាំង នៅថ្ងៃនោះ ដើម្បីចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងខាងលើ។ អត្ថបទសរសេរបន្តថា៖
«ក្រុមការងារបច្ចេកទេសទាំងសងខាង បានបញ្ចប់កិច្ចចរចារជុំទី៣ កាលពីដើមខែមិថុនា និងបានយល់ព្រម លើកិច្ចព្រមព្រៀង”ពាណិជ្ជកម្មសេរី” ត្រង់ចំណុចដែលទាក់ទង នឹងទីផ្សារទំនិញ និងសេវាកម្ម។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងខាងលើ នឹងអាចឲ្យកម្ពុជា បង្កើនការនាំចេញ លើសពី២០% នៅក្នុងមួយឆ្នាំៗ។»
របាយការណ៍ខ្លីៗ របស់រដ្ឋាភិបាលក្រុងប៉ារីស បានបន្តថា ថ្ងៃទី១២ ខែសីហា មិនមែនត្រូវបានជ្រើសរើសឡើង ដោយចៃដន្យទេ តែជាថ្ងៃ«ជ្រើសរើសឡើងដ៏ច្បាស់លាស់» ឲ្យចំលើថ្ងៃកំណត់របស់សហភាពអ៊ឺរ៉ុប ក្នុងការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលសម្រេចឡើង ដោយគណៈកម្មការអ៊ឺរ៉ុប កាលពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះ។
ចំណាត់ការរបស់គណៈកម្មការអ៊ឺរ៉ុប ក្នុងការព្យួរប្រព័ន្ធ «EBA» ធ្វើឡើងបន្ទាប់ពីសហភាពអ៊ឺរ៉ុប បានរកឃើញថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ។
ប្រតិភូស្វែងរកការពិត របស់អ៊ឺរ៉ុប បានចុះមកអង្កេតផ្ទាល់ នៅកម្ពុជាជាបន្តបន្ទាប់ និងបានរកឃើញថា របបក្រុងភ្នំពេញ បានបង្ក្រាបមិនប្រណីដៃ ទៅលើគណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រាប់ចាប់តាំងពីឆ្នាំ២០១៧មក។
គណៈកម្មការអ៊ឺរ៉ុបបានទុកពេល និងធ្វើការចរចា ជាច្រើនលើកច្រើនសារ ដើម្បីទទូចឲ្យរបបដឹកនាំ របស់លោក ហ៊ុន សែន ងាកមករកវិថី នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យវិញ។ តែការទទូចទាមទារទាំងនោះ ត្រូវបានលោក ហ៊ុន សែន ទាត់ចោល ដោយលើកឡើងថា មិន«ឱនក្បាល» យក«អធិបតេយ្យជាតិ» ទៅដូរនឹងប្រព័ន្ធអនុគ្រោះពន្ធអ្វីឡើយ៕