ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «កាមតណ្ហា​មនុស្ស»

កាមតណ្ហា​មនុស្ស ៖ សត្វឈ្មោលវារកញី ដោយសារធម្មជាតិវាមានសភាវៈ តម្រូវឲ្យ​បន្តពូជ​សត្វ របស់ពួកវា។ មែនទែនទៅ​ វាមិនមានអារម្មណ៍ត្រេកត្រអាល តណ្ហាពុះកញ្ជ្រោល សប្បាយ​ភ្លើតភ្លើន ដូចមនុស្សលោកទេ។ ម​នុស្ស មិនថាភេទប្រុសឬស្រី សុទ្ធតែ​ត្រេក​ត្រអាល សប្បាយ​រីករាយនឹងមានតណ្ហា ជាមួយនឹងភេទផ្ទុយខ្លួន។ ហេតុដូច្នេះហើយ បញ្ហានានា កកើតចេញ​ពីតណ្ហានេះ ក៏កើតមានឡើងមិនចេះអស់ មិនចេះហើយ។

ធម្មជាតិបានបណ្តាលឲ្យរាល់សត្វ ដែលកើតមក​ចម្រើនវ័យដល់ល្មម​កើតចេញជា​មាន​តម្រេក នូវ​កាមតណ្ហា។ នេះដោយសារ​តែធម្មជាតិ តែងតែលូតលាស់ រីកចម្រើនទៅមុខ បើមិនមានការបន្តពូជនោះទេ ក៏នឹងបណ្តាល​ឲ្យសព្វសត្វ​វិនាសផុតពូជ អស់ពីចក្រវាឡ​នេះ​ទៅ។

ដោយឡែក ធម្មជាតិបន្ថែមជាពិសេស ដល់មនុស្សលោកលើសពីសត្វនានា ឲ្យមនុស្ស​មាន​អារម្មណ៍កាមទេព សប្បាយរីករាយជាមួយនឹងតណ្ហា លើសពីការបន្តពូជ។ ការបន្ថែម​ជាពិសេស​នេះ ជាការប្រសើរល្អ សម្រាប់ពូជមនុស្សយើងហើយ ក៏ប៉ុន្តែវាកើតទៅជា​សោកនាដកម្ម​ច្រើនប្រការ ដោយសារការប្រើប្រាស់តណ្ហា លើសលោះហួសប្រមាណ។

មិនចាំ​បាច់​បរិយាយច្រើន រាល់ថ្ងៃនេះយើងមើលតែសារពត៌មាន ទាំងបណ្តាញសង្គម​ជាដើម មនុស្សប្រុសលួចមានស្រីក្រៅ ប្រពន្ធតាមទាន់កើតជាជម្លោះ កាប់ចាក់សម្លាប់ ចាក់ស្រោចទឹកអាស៊ីត មានខ្លះរហួតជួលឃាតករ ឲ្យផ្តាច់ផ្តិលជីវិត​ស្រីកំណាន់ចិត្តរបស់ប្តី យ៉ាងសាហាវឃោឃៅ។ រីឯរឿងខ្លះទៀត ស្រ្តីជាប្រពន្ធរត់តាមសាហាយ ទុកកូនពីរបីចោល ឲ្យប្តីកំសត់មើលថែ។

ដោយឡែក មនុស្សស្រីច្រើនមានការខ្មាស់អៀនច្រើន ក្នុងរឿងតណ្ហានេះ ហើយពួកគាត់​រមែង​តែងតែ​លាក់ជិត បានល្អជាងមនុស្សប្រុស។ ឯមនុស្សប្រុសវិញ មិននិយាយ​ដោយ​ទាំង​អស់ទេ តែច្រើនតែលាក់មិនសូវជិត នូវសភាពជាតិរិច្ឆាននេះ ហើយក៏ទៅប្រព្រឹត្ត​នូវ​អំពើ មិនគួរគប្បីនានា ដែលសង្គមនុស្សគេស្អប់ខ្ពើម។

ភេទជាមនុស្សប្រុសនេះ បើកាល​ណាឃើញមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត ក៏​តាំង​បញ្ចេញនូវកាយវិការ សម្តី​ឡែប​ខាយ​លេងសើច ផ្តោះផ្តងទៅនារីនោះ ដើម្បីជា​ការសប្បាយ​រីករាយ ទាំងភ្លេចថា​ខ្លួនឯង​មានប្រពន្ធកូន មានអាយុច្រើនជាងគេ ភ្លេចខ្លួនជា​បុព្វជិត​​ក្នុងសាសនា ឬភ្លេចខ្លួនថា មានឋានៈបុណ្យសក្តិធំខ្ពស់ខ្ពស់ ឬក៏សម្បុររូបរាង​យ៉ាប់​ទៅ​ទៀត។

ត្រឹមតែលេងសើចឡែបខាយនោះ ក៏មិនទាន់មានទោសទណ្ឌធ្ងន់ធ្ងរដែរ តែមានប្រុសខ្លះ​ក៏ទៅលួចលាក់ មានស្រីក្រៅចឹញ្ចឹមទុក គ្រាន់បម្រើតណ្ហាខ្លួន ដោយអាងអំណាចទឹកលុយ ដែលមានរួចក៏គិតថា អាចយកទៅទិញអ្វីៗទាំងអស់ បានតាមចិត្ត ចំណែកឯស្រីៗ ដែល​អាងខ្លួនមានសម្ភស្សល្អឆើត ជាទីគាប់ភ្នែកកន្លង់ ក៏សុខចិត្តយល់ព្រម លក់កេរ្តិ៍លក់​ខ្មាស់ ប្តូរយកនូវលុយកាក់ឡាន របស់ប្រ៊ែនៗ (Brand) ផ្ទះខុនដូទំនើប ឬដើរលេងក្រៅប្រទេស​ជាដើម។

ដល់ទៅលទ្ធផល ចួនលោតពីលើស្ពាន ឬអគារខ្ពស់សម្លាប់ខ្លួន ចួនណាប្រពន្ធពេញច្បាប់​ គេតាមធ្វើបាប បាញ់សម្លាប់ ឬជះទឹកអាស៊ីតជាតដើម។ ដើមហេតុភាគច្រើន គឺបណ្តាល​មក​ពីសត្វប្រុស (សត្វគឺអត់ដឹងខុសត្រូវ បើមនុស្សគឺដឹងខុសត្រូវ ដូច្នេះទីនេះពាក្យថាសត្វ គឺជាពាក្យសំដៅមនុស្ស ដែលអត់ដឹងខុសត្រូវ)។​

និយាយបែបនេះ ក៏មិនមែនដាក់បន្ទុក តែភាគីខាងប្រុសតែមួយមុខដែរ ព្រោះជាធម្មតាទំពក់វាទៅ ទើបព្នៅវាមក ឬទះដៃម្ខាងក៏វាមិនលឮដែរ ទាល់តែទះដៃទាំងពីរ។ គ្រាន់តែថា នៅវេលានេះ ក៏ចង់ដាស់តឿន ដល់សុភាពបុរសទាំងឡាយ សូមកុំដើរចូលទៅក្នុងការវង្វេង ដោយសារកាមតណ្ហា កុំអាងទឹកលុយ កុំអាងថាខ្លួនសង្ហារ ឬមានចំណេះចេះដឹងច្រើន កុំអាងថា វាអត់អីខាតបង់ដោយសារយើងជាភាគីខាងប្រុស កុំអាងលើពាក្យថា ប្រុសពេញដីស្រីពេញនគរ។

លោកអ្នកតោងគិតដល់ផលវិបាក នៃការប្រព្រឹត្តកាមកិលេសតណ្ហា ខុសច្រើនលើស ដែលនឹងនាំឲ្យអន្តរាយដល់ជីវិត ទាំងជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារផង។ ការមិនលុះដោយសេចក្តីល្មោភកាម នឹងនាំមកនូវសេចក្តីសុខ ដល់ជីវិតមួយផ្នែក រួមទាំងមិនចំណាយពេលវេលា ដ៏មានតម្លៃរបស់យើង ទៅដោះស្រាយបញ្ហា ដែលវាកើតឡើងដោយសារតណ្ហានេះឯង។ ដោយបំណងល្អ ពីចៅចិត្រ៕

——
ចៅចិត្រ


អត្ថបទ«កាមតណ្ហា​មនុស្ស»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ contact@monoroom.info

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដី​សោមនស្ស​រីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹង​គោរព​ក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិន​ចង់​​បញ្ចេញ​ឈ្មោះ

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។