កម្ពុជា

ខ្លីៗពីបារាំង៖ កម្ពុជា​ប្រមូល​ពន្ធដារ​បាន ១៦%​តិចជាង​ឆ្នាំមុន

សម្រាប់ឆ្នាំ២០២០នេះ ការប្រមូលពន្ធដាររបស់ប្រទេសកម្ពុជា បានថយចុះ ១៦%​តិចជាង​ឆ្នាំមុន ក្នុងរយៈពេលដូចគ្នា។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី៣០ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។

របាយការណ៍ខ្លីៗនោះ បានអះអាងថា ស្ថាប័នគយកម្ពុជាបានប្រមូលពន្ធដារ បានជិត ១,៣ពាន់លានដុល្លារ នៅក្នុងឆរមាសទី១ ប្រចាំឆ្នាំ២០២០។ ប៉ុន្តែចំនួននេះ បានថយចុះ​ប្រមាណជា ១៦%​តិចជាង​ឆ្នាំមុន ក្នុងរយៈពេលដូចគ្នា។

វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង) បានបញ្ជាក់ទៀតថា ការថយចុះ នៃការប្រមូលពន្ធ មានមូលហេតុមកពីការថយចុះ នៃនាំចូលរថយន្ដ និងសម្ភារៈសំណង់ ដែលនាំចូលក្នុងប្រទេស បានតិចជាងឆ្នាំមុន រៀងៗខ្លួន ៣១% និង២៨%។

របាយការណ៍របស់រដ្ឋាភិបាលបារាំង ក៏បានឲ្យដឹងដែរថា ប្រទេសកម្ពុជាបានខ្ចីប្រាក់ ១០០លានដុល្លារ ពីធនាគារពិភពលោក (World Bank) ក្នុងគម្រោងកែលំអផ្លូវនានា ក្នុងតំបន់ជនបទរបស់ខ្លួន។

ប្រាក់កម្ចីនោះ ​នឹងត្រូវយកមកប្រើ ក្នុងគម្រោង​ពង្រីក​លទ្ធភាព ​សម្រាប់​សហគមន៍​ជនបទ ​ឱ្យ​ទទួល​បាន​សេវា​ចាំបាច់​នានា ដូចជា ​មណ្ឌលសុខភាព ​មន្ទីរពេទ្យ​បង្អែក សាលារៀន និងទីផ្សារ​ តាមរយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​អាកាសធាតុ។

ការអះអាងខាងលើ មិនខុសពីសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ជុំវិញគម្រោងប្រាក់កម្ចីនេះដែរ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។