កម្ពុជា

អ្នក​គាំទ្រ CNRP ម្នាក់​ទៀត​ទម្លាយ​ករណី កឹម មនោវិទ្យា ហៅ កែម ឡី ថា​«ភ្លើ និង​ចោលម្សៀត»

«ភ្លើ និង​ចោលម្សៀត» ៖ ការខ្វែងគំនិតគ្នា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម នៅតែបន្តមាន ហើយការទម្លាយ​ឯកសារ​ឯកជន ក៏ចេះតែកើតមាន ជាហូហែរ។ បន្ទាប់ពីឯកសារឯកជន ដែលត្រូវបានទម្លាយចេញ ជាសាធារណៈ កាលពី​ម្សិលម៉ិញ នៅថ្ងៃនេះ ឯកសារឯកជន ប្រមាណជាជិត១០ទំព័រផ្សេង ត្រូវបានលោក អេង ពន្លក អ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិមួយរូបទៀត បង្ហោះចេញជាសាធារណៈ ដោយអះអាង​អមមកជាមួយថា កូនស្រីច្បងលោក កឹម សុខា រូបនេះ ធ្លាប់ហៅលោក កែម ឡី ថា«ជាមនុស្សអាក្រក់ ភ្លើ​ និងចោលម្សៀត» ដែលចង់បាន​តំណែង ​ពីលោក កឹម សុខា។

ឯកសារសំណេរទាំងនោះ ទំនងជាការជជែក ជាលក្ខណៈឯកជន រវាងលោក អេង ពន្លក ខ្លួនលោក ជាមួយកញ្ញា កឹម មនោវិទ្យា ដែលជា​កូនស្រី​ច្បង​លោក កឹម សុខា និងដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ។ ហើយគេ​ត្រូវវិលត្រឡប់ ទៅអំឡុងឆ្នាំ២០១៤ វិញ ដើម្បីយល់ពីរឿងរ៉ាវនេះ ពោលគឺនៅមុនពេល គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ត្រូវបានបង្កើតឡើង។

នៅក្នុងសំណេរ ជាភាសាអង់គ្លេសផង ជាខ្មែរផង ដែលគេជឿថា សរសេរដោយកញ្ញា កឹម មនោវិទ្យា គេឃើញ​មាន​សំណេរ ហៅលោក កឹម ឡី ថាជាមនុស្ស«ភ្លើ» ហើយថា លោក កែម ឡី បាននិយាយកុហក អំពីប្រាក់បៀវត្សរ៍​របស់​លោក កឹម សុខា ថាមានចំនួនដល់ទៅ១៥០០០ដុល្លារ ក្នុងមួយខែ។

ដោយឡែក សារឯកជន​ជាខេមរភាសា បានសរសេរច្បាស់ៗថា៖

«កែម ឡី ភ្លើណាស់ ធ្វើមិនបានអីទេ។ ការពិត ចង់​បានតំណែង ពីបក្សយើង។ សាកឲ្យឈរឈ្មោះ ជាតំណាង​រាស្ត្រ​មើល នឹងស្ងាត់មាត់។ មនុស្សចោលម្សៀត មកងោចៗ​ដាក់ប៉ាយូរហើយ។ ដល់អត់បានតំណែង វាយប្រហារ។»។

លោក អេង ពន្លក ដែលគេស្គាល់ថា ជាប្អូនប្រុសលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស បានបញ្ជាក់បន្ថែម ជាមួយ​នឹងការបង្ហោះនេះថា៖

«មុនពេលបណ្ឌិត​ កែម​ ឡី​ ត្រូវគេសម្លាប់​ គាត់បាននិយាយប្រាប់ខ្ញុំថា បណ្ឌិត កែម​ ឡី​ ជាមនុស្សអាក្រក់​រួមទាំង​ដៀលគាត់ ថាភ្លើ​ និងជាមនុស្សចោលម្សៀត ចង់បានតំណែង ពីឪពុកគាត់។ តែឥឡូវនេះ​ គាត់ធ្វើជាល្អ ជាមួយ​ភរិយា​លោកបណ្ឌិត​ កែម​ ឡី​ ដើម្បីឲ្យជួយស្អប់​ និងវាយប្រហារ​​លោក​ សម​ រង្សុី​ ជាមួយគាត់។»។

លោកបញ្ជាក់ថា៖

«កុំធ្វើជាអ្នកនយោបាយ ឆ្អិនក្បាល​សុីក្បាល ឆ្អិនកន្ទុយ​សុីកន្ទុយ»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីកញ្ញា កឹម មនោវិទ្យា បានទេ ក្នុងករណីនេះ។ កាលពីម្សិលម៉ិញ កញ្ញាបានទប់ស្កាត់ ឬប្លុក (Blocked) គណនីទ្វីសធើររបស់ទស្សនាវដ្ដី ដែលធ្វើឲ្យទស្សនាវដ្ដីមិនអាចចូល ទៅ​សាកសួរ​កញ្ញាដោយផ្ទាល់ នៅទីនោះបានទៀតឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។