សម្រាប់អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ គេមិនត្រូវបំភ្លេចក្រុមបាតុករ ដែលបានស្លាប់ និងរបួស រាប់សិបនាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខអតីតវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧នោះទេ ជាពិសេសបណ្ដាជននៅរស់ ដែលមានឧត្ដមគតិដូចក្រុមបាតុករទាំងនោះដែរ ត្រូវមានករណីយកិច្ច ក្នុងការទាមទារយុត្តិធម៌ ជូនពួកគេ។
បើទោះជាថ្ងៃនេះ ជាខួបលើកទី២២ ទៅហើយក្ដី តែជនដៃដល់ និងអ្នកនៅពីក្រោយ ព្រឹត្តិការណ៍ដ៏រង្គាលនោះ មិនដែលត្រូវបានចាប់ខ្លួន យកមកផ្ដន្ទាទោសនោះឡើយ។ ជនរងគ្រោះភាគច្រើន គឺជាបាតុករដែលជួបជុំគ្នា ដើម្បីធ្វើបាតុកម្មទាមទារ ឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងទាមទារដំឡើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រកាត់ដេរ។
លោក ឡៅ ម៉ុងហៃ បានរំលឹកក្រុមជនរងគ្រោះទាំងនោះ មកវិញ តាមរយៈគណនីហ្វេសប៊ុករបស់លោកថា៖
«នឹកដល់ឧត្តមគតិរបស់ពួកអ្នកទាំងអស់ នឹកដល់ការទាមទារ របស់ពួកអ្នកទាំងអស់ ឲ្យមានតុលាការឯករាជ្យ ដើម្បីធានាបាននូវយុត្តិធម៌ សម្រាប់អ្នករស់នៅលើទឹកដីខ្មែរទាំងអស់គ្នា។»
«នៅនឹកខឹងនឹងការបំផ្ទុះគ្រាប់បែក កាត់ផ្តាច់ទាំងវាចាសន្តិភាពទាមទារ ទាំងជីវិតរបស់ពួកអ្នក ដែលក្រោយមកគេបានប្រមូលធាតុ យកមកបញ្ចុះនៅក្នុងចេតិយ ឲ្យពួកអ្នកសម្រាន្ដ ឲ្យបានសុខសន្តិភាព ជាស្ថាពររហូត – R.I.P។»
អ្នកវិភាគបានបញ្ជាក់ថា៖
«អ្នកនៅរស់មានឧត្តមគតិ ដូចពួកអ្នកដែរ ទទួលស្គាល់ និងឲ្យតម្លែខ្ពស់បំផុត ដល់ឧត្តមគតិ និងពលីកម្មរបស់ពួកអ្នក និងមានករណីយកិច្ច ទាមទាររកយុត្តិធម៌ជូនពួកអ្នក៕»