អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។
នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះសង្ឃ ហោ សុខុន បានលើកឡើងថា មានតែលោក ស ខេង «មួយរូបគត់ដែលអាចធ្វើឲ្យកម្ពុជា រួចផុតពីទណ្ឌកម្មរបស់អន្តរជាតិ ក៏ដូចជារួចផុតពីការផ្តាច់[ប្រព័ន្ធ]អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបផងដែរ ជាពិសេសអាចបញ្ឈប់ ការជ្រៀតជ្រែកពីបរទេស លូកដៃចូលនយោបាយផ្ទៃក្នុង របស់ប្រទេសកម្ពុជា»។
ព្រះចៅអធិការវត្តច្បារអំពាវ នៅបានសំដែងថេរដីកាលើកសរសើរលោក ស ខេង នូវគុណសម្បត្តិ១០យ៉ាង សមត្ថភាព១៦យ៉ាង រួមនឹងចំណុចជាច្រើនទៀត ដែលធ្វើឲ្យព្រះតេជគុណ ឈ្វេងយល់ថា លោក ស ខេង ជាបុរសតែម្នាក់គត់ នៃ«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា»។
តែសម្រាប់លោក ស ខេង បុរសខ្លាំងទីពីរនៃរបបដឹកនាំក្រុងភ្នំពេញ ការលើកឡើងរបស់ព្រះសង្ឃ ហោ សុខុន ដែលទទួលបានការចែករំលែក ក្នុងបណ្ដាញសង្គម ដល់ទៅជាង២១០០ដង គឺ«ដូចជាបានធ្លាក់ ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណង ចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា»។
លោករដ្ឋមន្ត្រីមហាផ្ទៃ បានប្រតិកម្មដូច្នេះ កាលពីម្សិលម៉ិញ ដោយទម្លាក់កំហុសនៃការលើកតម្កើងរបៀបនេះ ទៅលើក្រុមអ្នកនយោបាយ ដែលមានគំនិតទុច្ចរិត។ លោក ស ខេង បានសរសេរថា៖
«ជារឿយៗពួកអ្នកនយោបាយ ដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និងបណ្តុះបង្អាប់បែបនេះ ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពីបំណង ចង់ឲ្យមានការសង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធ ដែលពួកគេគិតថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ។»
ចំពោះលោក ព្រហ្ម គិត អតីតអ្នកច្បាប់ ដែលសព្វថ្ងៃចូលនិវត្តន៍ និងជាអ្នកវិភាគ ពីស្ថានភាពនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានពន្យល់ថា ព្រះសង្ឃ ហោ សុខុន មិនល្ងង់ដល់ថ្នាក់មិនដឹងថា ការបង្ហោះសាររបៀបនេះ មានលក្ខណៈជាការបញ្ចើចបញ្ចើ ដើម្បីលើកលោក ស ខេង ឲ្យខ្ពស់ហួសត្រដែត នឹងអាលឲ្យឆាប់ធ្លាក់នោះឡើយ។
អ្នកវិភាគវ័យចំណាស់ បានថ្លែងនៅមុននេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖
«បើតាមខ្ញុំសង្កេតទៅលើធម្មជាតិ និងខ្លឹមសារ នៃសារដែលសរសេរចេញ ដោយព្រះសង្ឃ ហោ សុខុន ហ្នឹង វាគឺជាសារសម្រាប់សាកល្បងមួយ រវាង”ជួរមេដឹកនាំ”គណបក្សប្រជាជនកម្ពុជាខ្លួនឯង ដើម្បីចង់ដឹងពីភាពស្មោះស្ម័គ្ររបស់លោក ស ខេង ថាមានដល់កម្រិតណា ថាតើលោក ស ខេង មានប្រតិកម្មបែបណា។»
លោក ព្រហ្ម គិត បានបន្តថា៖
«នៅខណៈនេះ មិនមែនគ្មាននរណាម្នាក់មិនដឹងថា ក្នុងគណបក្សប្រជាជនកម្ពុជា និងក្នុងរដ្ឋាភិបាលកម្ពុជា មានតែលោក ហ៊ុន សែន តែម្នាក់គត់ដែលជា”សម្ដេចពុក”គ្មាននរណាផ្ទឺមបាន។ ខ្ញុំធ្លាប់ដឹងថា លោក ហ៊ុន សែន បាននិយាយទៅកាន់មនុស្សខ្លាំងៗក្នុងបក្សថា បើខ្លួនអង្គុយលើដើមត្នោត ហើយព្យាយាមកាច់ធាងត្នោតទម្លាក់ សួរថាតើដើមត្នោតរលំ ឬអ្នកកាច់ធាងត្នោតធ្លាក់ពីលើដើមត្នោត? អញ្ចឹងទេ ការលើកសរសើរបុគ្គលផ្សេង មកផ្ទឹមនឹងលោក ហ៊ុន សែន គឺជាការចាប់ប្រជល់គ្នា រវាងខ្លាពីរនៅក្នុងភ្នំតែមួយ ហើយសង្ឃ ហោ សុខុន មិនត្រូវនិយាយថា ព្រះអង្គមិនដឹងនោះទេ។»
យ៉ាងណា ព្រះសង្ឃ ហោ សុខុន បានចេញមកបកស្រាយ ថាព្រះអង្គគ្មានបំណងអ្វីផ្សេង ក្រៅពីសំដែងការគោរព និងការស្រឡាញ់ទៅដល់លោក ស ខេង តែប៉ុណ្ណោះឡើយ៕