នៅចំពោះការលើកឡើងច្រំដែលៗ ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផង ពីសំណាក់អ្នកគាំទ្រផង ជុំវិញ«អភិក្រមទី៥ ស្ដីពីការវះកាត់» ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជានោះ លោក គឹម សុខ អ្នកវិភាគនយោបាយបានថ្លែងឡើងថា លោក ហ៊ុន សែន គួរត្រូវទម្លាយពី«អភិក្រមទី៦»មួយទៀតរបស់លោក នោះគឺ«ចិញ្ចឹមសាច់ស្អុយបាតដៃទី៣»។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដកមន្ត្រីជាន់ខ្ពស់មួយចំនួនចេញពីតំណែង យ៉ាងប្រថុចញ៉ុច។ ការដកតំណែងនេះ មិនត្រូវបានលោក ហ៊ុន សែន អះអាងពីទោសកំហុស របស់មន្ត្រីទាំងនោះទេ។
តែជាការដកតំណែង ដែលធ្វើឡើងបន្ទាប់ពីមន្ត្រីទាំងនោះ ទទួលរងការរិះគន់ខ្លាំងក្លា ពីមតិសាធារណៈជន ជាពិសេសពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទាក់ទងនឹងទង្វើរបស់ពួកគេ ដូចយ៉ាងការចែកប្រាក់សន្ធឹកសន្ធាប់ ឲ្យកូនៗរបស់ផងខ្លួន ឬការដឹកនាំកងកម្លាំងអាជ្ញាធរ ឲ្យចុះអនុវត្តន៍សាលក្រមជាដើម។
ជារៀងរាល់លើក បុរសខ្លាំងកម្ពុជាបានត្អូញតែរថា លោកបានធ្វើការសម្រេចចិត្តដកតំណែង របស់មន្ត្រីជាន់ខ្ពស់ទាំងនោះ ដោយ«ការឈឺចាប់» តាម«អភិក្រមទី៥»របស់លោក។
សម្រាប់លោក គឹម សុខ វិញ បានពន្យល់នៅក្នុងសំណេរដ៏វែងអន្លាយ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា អភិក្រមទី៥របស់លោក ហ៊ុន សែន ដែលលោកទើបនឹកឃើញ បញ្ចេញមកថ្មីៗនេះ ទំនងជាដើម្បីព្យាយាមទប់ទល់នឹងសម្ពាធធំពីរ។
អ្នកវិភាគមិនសំចៃសំដីរូបនេះ បានលើកឡើងថា៖
«មួយ គឺការអនុវត្តន៍ផែនការនយោបាយ ពង្រឹងអំណាចផ្ដាច់ការគ្រួសារបក្ស ធ្វើឲ្យប្រជារាស្ត្រ កម្មករ-កសិករ… សម្គាល់ថា លោក ហ៊ុន សែន ប្រើកលល្បិចបំផ្លាញ ប្រជាធិបតេយ្យូបនីយកម្មនយោបាយ-សង្គម។ នយោបាយអំណាចច្រាសស្រកី ផ្ទុយនឹងចរន្តទឹកចិត្តរាស្ត្រ អនុវត្តដោយលោក ហ៊ុន សែន នេះ បាននាំឲ្យកើតមានសម្ពាធធំមួយទៀត គឺសហភាពអឺរ៉ុបប្រកាស ព្រមានដកការអនុគ្រោះពន្ធ “EBA” ពីកម្ពុជា។»
«ករណីទីពីរនេះ បើលោក ហ៊ុន សែន នៅតែបន្តនយោបាយអំណាចផ្ដាច់ការ បែបកុម្មុយនិស្តិ៍ ប្រជាធិបតេយ្យក្លែងក្លាយនិងអធិបតេយ្យភាព [ដែល]ជាពាក្យបែប ប៉ុល ពត បានប្រើ គឺបើលោក ហ៊ុន សែន មិនស្ដារស្ថានការណ៍ប្រជាធិបតេយ្យឡើងវិញ ដូចនៅមុនការរំលាយគណៈបក្សសង្គ្រោះជាតិ (ដែលជាតំណាងនៃឆន្ទៈរាស្ត្រខ្មែរជាងពាក់កណ្ដាលប្រទេស) នៅមុនខែវិច្ឆិកា ឆ្នាំ២០១៧ទេ នោះលោក ហ៊ុន សែន នឹងគឺជាអ្នកបំផ្លាញផលប្រយោជន៍មួយឆ្នាំៗ ប្រមាណ១២០០លានដុល្លារ ដែលប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរ ត្រូវបានពីការអនុគ្រោះពន្ធ “EBA-អឺរ៉ុប” និង “GSP-អាមេរិក”។»
អ្នកវិភាគបានបន្តថា លោក ហ៊ុន សែន បានលើកដដែលៗ យក«អភិក្រមទី៥»របស់លោក មកធ្វើជា«ល្បែងឈុតរៀបថ្មី» ដើម្បីគ្រាន់តែទប់ខ្លួន ពីទម្ងន់សម្ពាធធំទាំងពីរខាងលើនេះប៉ុណ្ណោះ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងព្រឹកថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖
«បើមានគ្រួសឬខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងយើងឲ្យអស់ បើមិនដូច្នោះទេ យើងមិនអាចដើរទៅមុខទៀតបានទេ ឬក៏យើងដើរទៅ [អាចធ្វើឲ្យ]ពងជើងរបស់យើង ឬឈឺជើងរបស់យើង។ ខ្ញុំចង់និយាយថា មន្ត្រីរាជការណាដែលធ្វើអំពើផ្ដេសផ្ដាស ត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬពួកគេត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះ តាមរយៈនៃការផ្ដន្ទាទោសដោយច្បាប់។»
ចំពោះលោក គឹម សុខ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញឲ្យដឹងទៅវិញថា ប្រទេសកម្ពុជានៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន «មិនត្រឹមតែប្រែរូប ទៅជារបបផ្ដាច់ការឯកបក្សវិញទេ» តែថែមទាំងជាប្រទេស ដែល«ញាំញីដោយអំពើពុករលួយបំផ្លាញជាតិ ការរំលោភបំពានសព្វបែបយ៉ាង ការឆក់ប្លន់ទ្រព្យសម្បត្តិជាតិ-សម្បត្តិរាស្ត្រ ការលួចជាតិដើម្បីបំពេញ និងបំប៉ោងទូដែកផលប្រយោជន៍ ពួកមេដឹកនាំប្រទេស»។
អ្នកវិភាគបានរៀបរាប់ថា ភាសាបង្ហាញពី«ការឈឺចាប់»របស់លោក ហ៊ុន សែន មានន័យស្មើនឹងការធ្វើឡើងដោយ«បង្ខំចិត្ត» ព្រោះលោក ហ៊ុន សែន «ឥតចង់ធ្វើ»ការវះកាត់នេះឡើយ ឬនិយាយម្យ៉ាងទៀត គឺលោក ហ៊ុន សែន «ស្ដាយសាច់ស្អុយទាំងនេះ»។ លោក គឹម សុខ បន្ថែមថា៖
«រឿងមួយដែលមហាជនដឹង ហើយលោក ហ៊ុន សែន មិនមែនមិនដឹងនិងមិនមានសេចក្ដីក្លាហាន ឬអត់ភាពស្មោះត្រង់នឹងនិយាយនោះ គឺករណីមន្ត្រីរដ្ឋាភិបាល ជាពិសេស ពួកមេដឹកនាំ ដែលគណបក្សប្រជាជនកម្ពុជា ឬគណបក្សគ្រួសារ ហ៊ុន សែន មានលុយម្នាក់ៗវាល់សែនលានដុល្លារ ពីការប្រើតំណែងតួនាទីលួចបន្លំជាតិ ដូចជា[លោកអតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី] គឹម រស្មី នេះ មានចំនួនរាប់រយ ឬពាន់ករណីក្នុងទូទាំងកម្ពុជា។»
រីឯ«អភិក្រមទី៦» ដែលត្រូវបានអ្នកវិភាគពន្យល់ និងហៅថា ជា«អភិក្រមសម្ងាត់»របស់លោក ហ៊ុន សែន នោះ គឺការចិញ្ចឹមសាច់ស្អុយជាក្រុមបាតដៃទី៣ សម្រាប់«ផែនការពង្រឹងអំណាច ផ្ដាច់ការគ្រួសារនិយម»របស់បុរសខ្លាំងកម្ពុជា។
លោក គឹម សុខ ថាក្រុមឧក្រិដ្ឋជនបាតដៃទី៣ ឬអភិក្រមសម្ងាត់ទី៦នេះ ត្រូវបានគេដឹងតាមរយៈសេចក្ដីថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន ខ្លួនឯង និងរបស់លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជន។ អ្នកវិភាគនយោបាយ បានថ្លែងបន្តថា៖
«ការប្រកាសទាំងនេះ ជាការទទួលស្គាល់ថា ក្រុមលោក ហ៊ុន សែន ដឹងច្បាស់អំពីក្រុមឧក្រិដ្ឋជនហៅបាតដៃទី៣ ឬនិយាយដោយខ្លីទៅ គឺលោក ហ៊ុន សែន ជាអ្នកបង្កើតនិងចិញ្ចឹមក្រុមអភិក្រមទី៦នេះ ដើម្បីសម្លាប់កម្ទេចចលនាប្រជាធិបតេយ្យ។ លោក ហ៊ុន សែន ដឹងច្បាស់ថា បើប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាព តាមបែបបទដ្ឋានប្រជាធិបតេយ្យនោះ អំណាចផ្ដាច់ការគ្រួសារនិយមរបស់គាត់ នឹងត្រូវប្រជារាស្ត្រខ្មែរជីកកប់ជាស្ថាពរ៕»