កម្ពុជា

អ្នកវិភាគ៖ ការវិវត្ត ដែលបង្ហាញពី«ផ្ដាច់ការនិយម​ក្រោមឆ័ត្រអភិវឌ្ឍន៍»

ការវិវត្តយ៉ាងតិច៧ចំណុច ដែល«មិនដែលមានពីមុន» បានបង្ហាញពីទំនោរនៃការដឹកនាំ បែប«ផ្ដាច់ការនិយម​ក្រោមឆ័ត្រអភិវឌ្ឍន៍»។ នេះ ជាការលើកឡើងរបស់អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ។

គេតែងឮរដ្ឋាភិបាលកម្ពុជា រួមនឹងអ្នកគាំទ្រផង បានលើកឡើងមិនដាច់មាត់ អំពី«សន្តិភាព និងការអភិវឌ្ឍន៍ ដ៏សម្បើមមហិមា» នៅក្រោមការដឹកនាំ«ប្រកបដោយគតិបណ្ឌិត» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចនៅកម្ពុជា តាំងពី៣៦ឆ្នាំមកនោះ។

សម្រាប់លោក ឡៅ ម៉ុងហៃ បានពន្យល់ថា «សន្តិភាព និងការអភិវឌ្ឍន៍» មិនត្រូវកាត់ផ្ដាច់ចេញពី«យុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស» នោះឡើយ។ នៅលើបណ្ដាញសង្គម លោកបណ្ឌិតដែលឧស្សាហ៍ បង្ហាញពីការចុះជាប់ ជាមួយពលរដ្ឋ នៅតាមមូលដ្ឋាននានា បានសរសេរឡើងថា៖

«សន្តិភាពអត់មានយុត្តិធម៌ អភិវឌ្ឍន៍អត់មានការគោរពសិទ្ធិមនុស្ស គឺ ផ្ដាច់ការនិយម​ក្រោមឆ័ត្រអភិវឌ្ឍន៍ [ ឬហៅតាមភាសាអង់គ្លេស : Develpmental(ist) dictactorship ]។» –

ផ្ទុយទៅវិញ វានាំឲ្យមានការវិវត្តជាច្រើន ដែល«មិនដែលមានពីមុនៗ» ដូចតាមការដកស្រង់​ទាំងស្រុង ពីសំណេររបស់លោក នៅខាងក្រោមដូច្នេះថា៖

១. ប្រជាពលរដ្ឋច្រើនលើសលប់ អស់ដី ឬសល់[តែ]ដីតូចៗធ្វើស្រែចំការ រីឯប្រជាពលមួយចំនួនតូច មានដីធំៗដល់ម៉ឺនហិចតា។ សង្គមបានក្លាយទៅជាសង្គមសក្តិភូមិ លើសឆ្ងាយពីសង្គមសក្តិភូមិ ដែលពពួកកុម្មុយនីស្តខ្មែរក្រហម ធ្វើបដិវត្តហិង្សា រំលំរំលាយ នៅឆ្នាំ១៩៧៥។
២. ប្រជាពលរដ្ឋច្រើនណាស់ក្លាយជាកម្មករ ហើយខ្ទង់១ភាគ៤ នៃមនុស្សពេញវ័យ ជាកម្មករចំណាកស្រុក ទៅក្រៅប្រទេស។
៣. ព្រៃ និងភោគទ្រព្យធម្មជាតិបាត់អស់ច្រើន យ៉ាងឆាប់រហ័ស។
៤. ប្រទេសជំពាក់លុយបរទេសច្រើនលើសលប់។
៥. គម្លាតធំឆ្ងាយរវាងអ្នកមាន និងអ្នកក្រ (ក្នុងវិស័យសិទ្ធិ ទ្រព្យសម្បត្តិ យុត្តិធម៌ សិក្សាធិការ សុខភាព)។
៦. ការហូរចូលនៃជនជាតិវៀតណាម និងជនជាតិចិន មករស់នៅរកស៊ីត្រួតត្រាសេដ្ឋកិច្ចខ្មែរ។
៧. គោលនយោបាយក្រៅប្រទេសបាត់អព្យាក្រឹត ជិតស្និតនឹងចិន ដែលទាញប្រទេស ឲ្យធ្លាក់ចូលក្នុងជម្លោះ រវាងមហាអំណាចចិន និងមហាអំណាចអាមេរិក (របៀបដូចមុនសង្គ្រាម នៅកម្ពុជា នៅឆ្នាំ១៩៧០-១៩៧៥)។

លោក ឡៅ ម៉ុងហៃ បានបញ្ចប់សំណេរររបស់លោក ដោយ«បេយ្យាល» ឬសញ្ញា«។ល។» ដែលទំនងជាលោករកឃើញការវិវត្ត ដែលមិនដែលមាន នៅក្នុងប្រទេសកម្ពុជាជាច្រើនទៀត តែលោកមិនអាចបរិយាយអស់ នៅក្នុងពេលនេះ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។