កម្ពុជា

អ្នកវិភាគ​ថ្លែង​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ចំពោះ​ពលករ​នៅ​ក្រៅ​ប្រទេស

ភាពប្រឈម របស់ពលករខ្មែរ នៅក្រៅប្រទេស នៅតែជាបញ្ហាចោទមួយ។ សម្រាប់លោក មាស នី អ្នកវិភាគ​នយោបាយ និងសង្គម​ បានទម្លាក់ការទទួលខុសត្រូវ ជុំវិញបញ្ហាប្រឈមទាំងនេះ ទៅលើរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា ពលករខ្មែរទាំងនោះ មិនគួរត្រូវបានគេយកទៅប្រើ ដូចជាសត្វធាតុនោះឡើយ។

លោក មាស នី បានថ្លែង នៅលើបណ្ដាញសង្គមថា ការបញ្ជូនពលករទៅបរទេស ជាដំណឹងល្អមួយ សំរាប់រដ្ឋាភិបាល។ តែលោកថា៖ «យើងចង់ឃេីញរដ្ឋាភិបាលធ្វេីការរនេះ ដោយប្រុងប្រយ័ត្ន បេីស្រឡាញ់ញ់ និងអាណិតពលរដ្ឋរបស់ខ្លួន ជាពិសេសគឺការបញ្ជូនពលករ ទៅកាន់ប្រទេស ដែលមានវប្បធម៌ សាសនា និងប្រពៃណីខុសគ្នាពីយេីង»។

អ្នកវិភាគរូបនេះ បានបញ្ជាក់ជាពិសេស សម្រាប់ការងារ«បំរេីការនៅតាមផ្ទះ» ដែលលោកគិតថា អាចជួបនឹងបញ្ហាប្រឈមខ្លាំង ជាងការងារដទៃទៀត។ លោកពន្យល់ថា៖ «ការយល់ដឹងពីច្បាប់ ទម្លាប់ ប្រពៃណីយ សំរាប់ពលករ និងយន្តការ សំរាប់គាំពារ តាមដានលេីសុវត្តិភាព សិទ្ធការងារ ជាកត្តាសំខាន់បំផុត ហេីយវាជាការទទួលខុសត្រូវទាំងស្រុង របស់រាជរដ្ឋាភិបាល»។

របាយការណ៍​រួម​គ្នាមួយ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​(IOM) ដែលចេញផ្សាយ កាលពីខែធ្នូឆ្នាំកន្លងទៅ បាន​រក​ឃើញ​ថា ​ពលករ​ចំណាកស្រុក​ខ្មែរ​៨​នាក់ ពី​ក្នុង​ចំណោម​១០​នាក់ ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ដែលស្មើនឹង​៨០​ភាគរយ។ របាយការណ៍ បន្តរកឃើញទៀតថា ពលករ​៧​នាក់ ពី​ក្នុង​ចំណោម​១០​នាក់ ​មាន​បញ្ហា​ជំងឺផ្លូវចិត្ត ដែល​ស្មើនឹង​៦៦​ភាគរយ​។​

​ពលករ​​ខ្មែរ​ទៅ​ធ្វើ​នៅ​ប្រទេស​ក្រៅប្រទេស​ ភាគច្រើន​លើ​វិស័យ​សំណង​ កសិកម្ម​ នេសាទ​ និង​ជំនួយការ​មេផ្ទះ​។​ ​​របាយ​ការ​អង្គការ​រួម​គ្នា​នេះ បាន​បង្ហាញទៀត​ថា​ពលករ​ខ្មែរ​ភាគច្រើន​ ដែលធ្វើការ​លើ​វិស័យ​សំណង ​និង​នេសា​ទ ​​ទ​ទួល​រង​ការ​រំលោភសិទ្ធិ​ការងារ​ និង​ប្រឈម​នឹង​បញ្ហា​សុខាភាព​។ ខណៈ​ពល​ករខ្មែរ ដែល​បម្រើ​ការងារ​តាម​ផ្ទះ ​ត្រូវ​បាន​រំលោភសិទ្ធិ​ការងារ​ និង​ជួប​ប្រទះ​បញ្ហា​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

លោក មាស នី បានបញ្ចប់ថា៖ «យេីងមិនចង់ឃេីញពលករខ្មែរ ត្រូវបានគេយកទៅប្រេី ដូចជាសត្វធាតុនោះឡេីយ»។

​​របាយការណ៍ឆ្នាំ ២០១៦ ​របស់​ក្រសួង​ការងារ​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​​ បានលើកឡើង ពីតួលេខពលករ​ខ្មែរ​ចំណាកស្រុក​ ទៅ​ក្រៅប្រទេស ថាមានចំនួនប្រមាណជា ​១,១៥​លាន​នាក់​ ក្នុង​នោះ​ពលករ​ចំណាកស្រុក ​ទៅធ្វើការ​នៅក្នុង​​ប្រទេស​ថៃ​ មាន​ជាង​១​លាន​នាក់​៕​

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។