កម្ពុជា

ធនាគារ​អភិវឌ្ឍ​អាស៊ី៖ ឆ្នាំ២០២០នេះ កម្ពុជា​នឹងបាត់បង់ ៣៩០ ០០០​ការងារ

ធនាគារអភិវឌ្ឍអាស៊ី «ADB / BAD» បានព្យាករថា កម្ពុជានឹងបាត់បង់ការងារ ប្រមាណជា ៣៩០ ០០០កន្លែង ក្នុងឆ្នាំ២០២០នេះ បណ្ដាលមកពីផលប៉ះពាល់ នៃជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19)។ នេះ បើតាមការអះអាងឡើង របស់អ្នកស្រី «Sunniya Durrani-Jamal» នាយិកាស្ថាប័ន​អន្តរជាតិ​មួយនេះ ប្រចាំនៅកម្ពុជា។

ADB កាលពី​ពុធ​សប្ដាហ៍​មុន ធនាគារមួយនេះ ​បាន​អនុម័ត​ប្រាក់កម្ចី ​ចំនួន​ ២៥០ ​លាន​ដុល្លារ សម្រាប់​កម្ពុជា ចំពោះគម្រោងឆ្លើយតប​ ទៅនឹង​ការរាតត្បាត​សកល ​នៃ​ជំងឺ​កូវីដ​-១៩ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញប៉ុស្តិ៍​ ក្នុងសប្ដាហ៍នេះ អ្នកស្រីនាយិកា «Sunniya Durrani-Jamal» បានអះអាងថា កម្ចីសម្បទាន​នេះ​ នឹង​មាន​រយៈពេល​ ២៤ ​ឆ្នាំ​ បូករួម​ទាំង​រយៈពេល​អនុគ្រោះ​ ៨ ឆ្នាំ​។ កម្ចី​នេះ​នឹង​មាន​អត្រា​ការប្រាក់​ ១​ភាគរយ​ក្នុង​ ១​ឆ្នាំ​ក្នុង​រយៈពេល​អនុគ្រោះ និង​មាន​អត្រា​ ១,៥​ភាគរយ​ នៅ​ដំណាក់កាល​បន្ទាប់​។

បន្ថែមពីលើ​កម្ចីខាងលើនេះ ធនាគារអភិវឌ្ឍអាស៊ី នឹង​ផ្ដល់ជំនួយ​ឥត​សំណង ​ដល់​កម្ពុជា ​ក៏ដូចជាជំនួយ​បច្ចេកទេស ​សម្រាប់​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ ក្នុងកម្រិតទឹកប្រាក់ ៥ ​លានដុល្លារ ក្រោមក្របខណ្ឌ នៃ​កម្មវិធី​ប្រឹក្សា​គោលនយោបាយ សម្រាប់​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ ពី​វិបត្តិ​កូវីដ​១៩​។​

អ្នកស្រីត្រូវបានស្រង់សំដី មកផ្សាយថា៖

«​កម្ពុជា​កំពុងជួបនឹង​បញ្ហា​ប្រឈម​ ដែល​មិន​ធ្លាប់មាន​ បង្កដោយ​កូវីដ ​១៩​។ ដំណើរ​ធ្លាក់ចុះ​ នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា ​នឹង​ដាក់សម្ពាធ​លើពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ហើយ ធនាគារអភិវឌ្ឍអាស៊ី ប៉ាន់ប្រមាណ​ថា កូវីដ​ ១៩ នឹង​នាំ​ដល់​ការបាត់បង់​ការងារ ​ចំនួន​ ៣៩០ ០០០​កន្លែង​ នៅ​ឆ្នាំ ២០២០ ​នេះ។​»​

គ្រាន់តែក្នុងវិស័យកាត់ដេរមួយ វិបត្តិជំងឺរាតត្បាត «Covid-19»បានធ្វើឲ្យ​រោងចក្រ ប្រមាណ​៤០០រោងចក្រ នៅកម្ពុជា បានបិទទ្វា ហើយបានបាត់បង់ការងារ ប្រមាណជា ១៥០ ០០០​ការងារ​រួចហើយ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់រោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់ថា «GMAC» ដែលចេញផ្សាយ កាលពីថ្ងៃទី៨ ខែកក្កដា។

តែតួលេខខាងលើ នៅមិនទាន់បញ្ចប់នៅឡើយ ដោយសមាគមដែលតំណាងឲ្យក្រុម​ថៅកែ​រោងចក្រ នៅកម្ពុជាមួយនេះ បានព្រមានបន្តថា វិបត្តិ «Covid-19» កំពុងធ្វើឲ្យ​រោងចក្រ​ជាច្រើន និងកម្មកររាប់ម៉ឺននាក់បន្ថែមទៀត កំពុងស្ថិតក្នុងហនិភ័យ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។