បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេសអូស្ត្រាលីតែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ការគាស់បង្ហាញ ដែលធ្វើឲ្យសំនួរជាច្រើនបានផ្ទុះឡើង ជុំវិញប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ មិនដល់១០០០ដុល្លារផងទេ។
លោក ឌី វិជ្ជា ស្វាមីអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន តូ សាច់ឈាមជិតដិតបំផុត នៃបុរសខ្លាំងកម្ពុជា មានទ្រព្យសម្បត្តិច្រើនលានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ហើយបើគ្រាន់តែគណនា សម្រាប់ឆ្នាំ២០១៨នេះ ទ្រព្យសម្បត្តិត្រួសៗរបស់ពួកគេ មានយ៉ាងតិច ក៏១០លានដុល្លារដែរ។ នេះ បើតាមរបាយការណ៍ដ៏វែងអន្លាយមួយ របស់បណ្ដាញវិទ្យុ និងទូរទស្សន៍«ABC»របស់កោះអូស្ត្រាលី ដែលបានចេញផ្សាយជាសាធារណៈ កាលពីម្សិលម៉ិញ។
«ABC» បានអះអាងថា បានប្រើប្រាស់បញ្ជី នៃអចលនទ្រព្យ និងសហគ្រាសឯកជន ក៏ដូចជាឯកសារស្រាវជ្រាវមួយទៀត ដែលទទួលបានពីប្រទេសកម្ពុជា ដើម្បីរកឃើញពីទំហំ ដ៏មហាសាលនៃទ្រព្យសម្បត្តិ របស់ពួកគេទាំងនោះ ដែលភាគច្រើនបាន និងកំពុងរស់នៅ ក្នុងតំបន់ជាយក្រុងដ៏ប្រណិតៗ នៃក្រុងមែលប៊ន (ភាគខាងត្បូងអូស្ត្រាលី)។
អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ដែលជាកូនប្រសារ របស់លោក ហ៊ុន សែន និងជាកូនប្រុស របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី ត្រូវបានសារព័ត៌មាន អះអាងថា មានគេហដ្ឋានដ៏ធំមួយ (មាន៧បន្ទប់) ដែលមានតម្លៃ ប្រមាណជា ១.៥ លានដុល្លារ នៅក្នុងក្រុង «Point Cook» ចម្ងាយ២៥គីឡូម៉ែត្រ ខាងលិចក្រុង មែលប៊ន។
កាលពីខែឧសភា ក្រុមហ៊ុនរបស់លោក ឌី វិជ្ជា បានលក់ឃ្លាំងមួយ មានតម្លៃជាង ៥,០៨ លានដុល្លារ នៅក្នុងសង្កាត់កិច្ចការជំនួញ ដ៏ល្បីមួយ ឈ្មោះ «Dandenong South»។
ប្រព័ន្ធផ្សព្វផ្សាយបានរកឃើញថា ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានទិញផ្ទះ ក្នុងតម្លៃប្រមាណជា ១,៣លានដុល្លារ នៅអូស្ត្រាលីដែរ ខណៈប្រពន្ធរបស់លោក ហ៊ុន តូ មានអចលនទ្រព្យមួយកន្លែងទៀត ដែលមានតម្លៃជាង ៦សែនដុល្លារ។
ក្រោយមក អចលនទ្រព្យនោះ ត្រូវបានផ្ទេរកម្មសិទ្ធិ ទៅឲ្យបងប្អូនបង្កើតរបស់លោក ហ៊ុន តូ ជាអ្នកគ្រប់គ្រងវិញ។
» លោក ហ៊ុន តូ អង្គុយពីលើកេសស្រា (រូបថតលើហ្វេសប៊ុក)៖
នេះជាការគាស់កកាយថ្មីទៀត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយបរទេស ទៅលើទ្រព្យសម្បត្តិរាប់លានដុល្លារ នៃក្រុមសាច់ឈាមជិតដិតរបស់លោក ហ៊ុន សែន នៅត្រឹមតែក្នុងរយៈពេលបីខែចុងក្រោយ។
កាលពីដើមខែកក្កដា បណ្ដាញទូរទស្សន៍ «Al Jazeera» បានអង្កេតរកឃើញ ការបង្វិលនិងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ក្នុងកម្រិតរាប់សិបលានដុល្លារផ្សេងទៀត ដែលទំនងជាជាប់ទាក់ទង នឹងលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។
ប៉ុន្តែតបនឹងការអង្កេត របស់ស្ថានីយ៍ទូរទស្សន៍នោះ លោក គង់ វិបុល បានបដិសេធថា ជាការរកឃើញមិនត្រឹមត្រូវ និងបានភ្ជាប់រឿងរ៉ាវផ្ទាល់ខ្លួនទាំងនេះ ទៅនឹងការប៉ុនប៉ងបង្ខូចឈ្មោះរដ្ឋាភិបាលកម្ពុជា។
យ៉ាងណា លោក គង់ វិបុល នៅតែត្រូវបានបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» អង្កេតជាថ្មីទៀត ដោយរកឃើញថា ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន រូបនេះ មានភាគហ៊ុនក្នុងដីមួយកន្លែង ដែលត្រូវបានទិញ កាលពីខែមីនា ឆ្នាំ២០០៧ ក្នុងទឹកប្រាក់ប្រមាណជា ២១,៤ លានដុល្លារ។
«ABC» នៅបន្តរកឃើញទៀតថា លោក គង់ វិបុល មានអចលនទ្រព្យជាច្រើនកន្លែងទៀត នៅលើកោះអូស្ត្រាលី រួមទាំងគេហដ្ឋានដ៏ស្កឹមស្កៃរបស់លោក ដែលមានតម្លៃ ៦សែនដុល្លារ នោះផង។
» លោក គង់ វិបុល និងអ្នកស្រី ហ៊ុន ម៉ាណា (រូបថតលើហ្វេសប៊ុក)៖
ការទម្លាយចេញរបស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដែលបានពន្យល់ ពីលទ្ធភាពជាប់សង្ស័យ ទៅនឹងវិធីសាស្ត្រលាងលុយកខ្វក់ ពីប្រទេសកម្ពុជាខាងលើ ត្រូវបានមន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន ច្រានចោល និងបញ្ជាក់ជំហរ មិនខ្វាយខ្វល់អ្វីឡើយ ដោយហេតុថា នេះគ្រាន់តែជាការចុះផ្សាយ របស់សារព័ត៌មានប៉ុណ្ណោះ។
លោក ស៊ីផាន មានប្រសាសន៍ថា បើទោះជាមន្ត្រីរដ្ឋាភិបាលកម្ពុជា មានប្រាក់បៀវត្សរ៍តិចក៏ដោយ តែពួកគេនៅតែអាចមានប្រាក់ និងទ្រព្យសម្បត្តិ រហូតដល់រាប់លានដុល្លារបាន ដោយសារមន្ត្រីទាំងនោះ រកស៊ីទិញលក់ដីធ្លី៕