អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិនិងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន បានថ្លែងដូច្នេះ នៅចំពោះភាពស្ងប់ស្ងៀម ពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលគ្មានរបាយការណ៍ណាមួយ អះអាងថាពួកគេនឹងធ្វើលិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា៖
«មិនមានពេល នឹងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិនយោបាយ មកវិញនោះទេ។ នេះជាសិទ្ធិ នៃជម្រើសឯកជនរបស់គេ។»
លោកបន្តពន្យល់ថា៖
«រាជរដ្ឋាភិបាល មានការងារ ជាចំបងច្រេីនណាស់ ក្នុងកិច្ចបំពេញជូន មហាជន និងរក្សាប្រក្រតីភាព ការងាររដ្ឋ កំណេីនសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សាធារណៈ។»
មន្ត្រីគណបក្សប្រឆាំង ចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជា សម្រេចដកហូតសិទ្ធិធ្វើនយោបាយ របស់ពួកគេរយៈពេល៥ឆ្នាំ នៅទន្ទឹមនឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេចក្តីស្នើច្បាប់ ធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទូន) ត្រូវបានរដ្ឋសភាឯកបក្ស ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តរួចហើយ និងខណៈនេះ កំពុងរង់ចាំព្រះមហាក្សក្រ ឡាយព្រះហស្ថលេខា ដើម្បីដាក់ឱ្យប្រើប្រាស់ សម្រាប់បើកផ្លូវ ដល់មន្ត្រីទាំងនោះ អាចទទួលបានសិទ្ធិ ធ្វើសកម្មភាពនយោបាយឡើងវិញ។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងមុតមាំថា៖
«សម្តេចតេជោតែម្នាក់គត់ ទទួលបានសិទ្ធិ និងអំណាច តាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការស្នេីសុំ ទៅព្រះមហាក្សត្រ។»
សម្រាប់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរជាថ្មីថា នឹងគ្មានមន្ត្រីគណបក្សប្រឆាំងណាម្នាក់ ស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយមកវិញទេ វៀលែងតែ «ជនក្បត់បក្សពីរនាក់» ប៉ុណ្ណោះ។ លោក សម រង្ស៊ី បានពន្យល់ អំពីការមិនអើពើស្នើសុំសិទ្ធិ ធ្វើនយោបាយ ពីសំណាក់មន្ត្រីគណបក្សប្រឆាំងនោះ ដោយសារហេតុផលចំនួន៧ ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖
«១- សិទ្ធិធ្វើនយោបាយនេះ គឺជាសិទ្ធិរបស់យើង ក្នុងឋានៈយើងជាពលរដ្ឋ ដូចមានធានាក្នុងរដ្ឋធម្មនុញ្ញ ហើយយើងមិនដែលមានទោសអ្វី ដែលអាចធ្វើឲ្យយើង បាត់បង់សិទ្ធិនេះទេ។»
«២- សិទ្ធិនេះ ត្រូវបានតុលាការកំពូល ក្រោមបញ្ជាលោក ហ៊ុន សែន ដកហូតពីយើង ដោយអត្តនោម័ត និងដោយអយុត្តិធម៌ នៅពេលដែលតុលាការកំពូលនេះ បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ១៦ វិច្ឆិកា ២០១៧។»
«៣- បើយើងទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យថា យើងទទួលស្គាល់ថា ការដកហូតសិទ្ធិរបស់យើងនេះ គឺជាទង្វើស្របច្បាប់ និងត្រឹមត្រូវ។»
«៤- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ ក៏ជាទង្វើស្របច្បាប់ និងត្រឹមត្រូវដែរ។»
«៥- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចាប់លោក កឹម សុខា យកទៅឃុំឃាំង ក៏ជាទង្វើស្របច្បាប់ និងត្រឹមត្រូវដែរ។»
«៦- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងទទួលស្គាល់ថា ការចោទប្រកាន់លោក កឹម សុខា ពីបទ “ក្បត់ជាតិ” ក៏ជាការចោទប្រកាន់ត្រឹមត្រូវដែរ ហើយយើងដែលជា សហការីលោក កឹម សុខា ក៏ជាជន “ក្បត់ជាតិ” ដូចលោក កឹម សុខា ដែរ។»
«៧- បើយើងទៅសុំសិទ្ធិ ពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយវិញ នៅពេលនេះ មានន័យផងដែរថា យើងចាញ់បោកលោក ហ៊ុន សែន ឬក៏ចាញ់ ការសម្លុតរបស់គាត់ ហើយយើងយល់ព្រមរួមចំណែក ក្នុងការសម្លាប់គណបក្សសង្គ្រោះជាតិ និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក្រោមរបបផ្តាច់ការសព្វថ្ងៃ។»
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ម្សិលម៉ិញ លោក ស ខេង ឧបក នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ មិនឃើញមានមន្ត្រីគណបក្សប្រឆាំងណាម្នាក់ បានធ្វើសំណើរទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំដកបម្រាម ឬផ្តល់និតិសម្បទាន ដើម្បីមានសិទ្ធិធ្វើនយោបាយ ឡើងវិញនោះទេ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចំពោះករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺស្ថិតក្នុងដៃតុលាការ មិនអាចអ្នកណាម្នាក់ លូកដៃបានទេ ហើយត្រូវធ្វើតាមដំណើររឿង៕