កម្ពុជា

អ្នកជំនាញ អ.ស.ប ៦រូប ប្រតិកម្មនឹង​ការចាប់ខ្លួន​មនុស្ស​នៅកម្ពុជា

អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ចំនួន ៦រូប បានផ្ញើលិខិតរួម ដ៏វែងអន្លាយមួយ ជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទាក់ទងនឹងការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សកម្ពុជា ទាក់ទងនឹងបាតុកម្មអហិង្សា ប្រឆាំងនឹងការឃុំខ្លួនសកម្មជន និងអ្នកការពារសិទ្ធិមនុស្សដូចគ្នា និងបញ្ហាបរិស្ថាន និងសិទ្ធិការងារ។

លិខិតរួមជាភាសាអង់គ្លេស ដែលត្រូវបានទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបាននៅថ្ងៃនេះ បានសរសេរ​ទៅកាន់លោក ប្រាក់ សុខន រដ្ឋមន្ត្រីការបរទេសកម្ពុជា តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ តែមិនបានទទួលការឆ្លើយតប ពីរដ្ឋាភិបាលកម្ពុជាទេ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

នៅក្នុងលិខិតកម្រាស១៧ទំព័រ អ្នកជំនាញ អ.ស.ប សម្តែងការព្រួយបារម្ភ ចំពោះការឃុំខ្លួន និងការចោទប្រកាន់ លើអ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា រួមទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិស្រ្តីមួយចំនួន ក្នុងការឆ្លើយតប ទៅនឹងការការពារសិទ្ធិមនុស្ស និងការអនុវត្ត​សិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និងសេរីភាព ក្នុងការបញ្ចេញមតិ។

អ្នកជំនាញ អ.ស.ប សម្តែងការព្រួយបារម្ភផងដែរ ចំពោះការដាក់​ជាបទល្មើសព្រហ្មទណ្ឌ នូវមធ្យោបាយ​ដែលអ្នកការពារ​សិទ្ធិមនុស្ស​ប្រើប្រាស់ ដើម្បីអនុវត្តការងាររបស់ខ្លួន ដែលរារាំងដល់​សមត្ថភាពរបស់ពួកគេ ក្នុងការរាយការណ៍ និងការតស៊ូមតិ ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស នៅកម្ពុជា។ លើសពីនេះទៀត អ្នកជំនាញ អ.ស.ប សម្តែងការព្រួយបារម្ភ ចំពោះរបាយការណ៍ដែលអះអាង ពីការប៉ុនប៉ង​រារាំង​អ្នកការពារសិទ្ធិមនុស្ស ក្នុងការតាមឃ្លាំមើល​បាតុកម្មអហិង្សា ស្របតាមសិទ្ធិសេរីភាព ក្នុងការជួបប្រជុំ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់លិខិតរួមរបស់ក្រុមអ្នកជំនាញ ជូនប្រិយមិត្តតាមរយៈខ្សែភ្ជាប់ ដូចខាងក្រោម (Only in web version)៖

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។