បារាំង

បាតុកម្ម​អាវ​កាក់​លឿង៖ បាតុករ​​ថយ​​ចំនួន​ខ្លាំង បើ​ធៀប​នឹងសប្ដាហ៍​មុន

នៅរដ្ឋធានីប៉ារីស ការប្រមូលផ្ដុំគ្នា របស់ក្រុមបាតុករ អាវកាក់លឿង មានចំនួនតិចជាងច្រើន បើធៀបនឹងចំនួនបាតុករ ក្នុងសប្ដាហ៍កន្លងទៅ។ សេចក្ដីរាយការណ៍ ពីតាមបណ្ដាខេត្តនានា ក្នុងប្រទេសបារាំង ក៏អះអាងដែរថា ចំនួនបាតុករចូលក្នុងរលកទី៥ សម្រាប់ថ្ងៃសៅរ៍នេះ មានចំនួនមិនច្រើនដូច រលកបាតុកម្មមុនៗទេ។

ចំនួនមនុស្ស ដែលត្រូវបានឃាត់ខ្លួន ក៏មានចំនួនតិច​ជាង​សប្ដាហ៍​កន្លងទៅដែរ។ មក​ដល់ម៉ោងនេះ មនុស្សចំនួន១៥០នាក់ ត្រូវបានឃាត់ខ្លួន បើប្រៀបធៀបទៅថ្ងៃសៅរ៍សប្ដាហ៍មុន ដែលមកដល់ម៉ោងនេះដូចគ្នា ចំនួនមនុស្សដែលត្រូវឃាត់ខ្លួន មានដល់ទៅជាង ៥០០នាក់។

របាយការណ៍បឋមមួយ របស់ក្រសួងមហាផ្ទៃបារាំង បានអះអាងថា ចំនួនបាតុករនៅក្នុងប្រទេសបារាំងទាំងមូល មានប្រមាណជា ៣៣ ៥០០នាក់ ហើយបាតុករ នៅក្នុងរដ្ឋធានី​ប៉ារីស មានតែ ២ ២០០នាក់ប៉ុណ្ណោះ។ កាលពីសប្ដាហ៍មុន បាតុករនៅក្នុងប្រទេស​បារាំង​ទាំងមូល មានប្រមាណជា ៧៧ ០០០នាក់ ខណៈនៅក្នុងរដ្ឋធានីប៉ារីស មានចំនួន ១០ ០០០នាក់។

ចំនួនកងកម្លាំងរបស់អាជ្ញាធរ ដែលត្រៀមមករក្សាសន្ដិសុខ ក៏បានថយចុះដែរ។ ក្នុងសប្ដាហ៍នេះ កងកម្លាំងចំនួន ៦៩ ០០០នាក់ ត្រូវបានដាក់ពង្រយ នៅក្នុងប្រទេសបារាំងទាំងមូល ខណៈនៅក្នុងរដ្ឋធានី ប៉ារីស មានកងកម្លាំងតែ ៨ ០០០នាក់ប៉ុណ្ណោះ។ កាលពីសប្ដាហ៍មុន កងកម្លាំងចំនួនប្រមាណជា ៨៩ ០០០នាក់ ត្រូវបានដាក់ពង្រាយ នៅពាសពេញប្រទេស៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។