បារាំង

បាតុកម្ម​អាវ​កាក់​លឿង – នាយក​រដ្ឋមន្ត្រី​ថ្លែង​ពី​​ការ​ចាប់​ខ្លួន​​៤៨១នាក់

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានអះអាងតាមកញ្ចក់ទូរទស្សន៍ នៅមុននេះ ថាមកដល់ម៉ោងនេះ មនុស្សចំនួន ៤៨១នាក់ ត្រូវបានចាប់ខ្លួន និង២១១នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន។

តួលេខខាងលើ បានលើសតួលេខ ដែលផ្ដល់ក្នុងជំហានដំបូង ដោយស្នងការដ្ឋាននគរបាលរដ្ឋធានី ដែលអះអាងថា មានចំនួន ២៧៨នាក់ និងលើសតួលេខ នៃបណ្ដាជន ដែលត្រូវបានចាប់ខ្លួន ពេញមួយថ្ងៃសៅរ៍ កាលពីសប្ដាហ៍កន្លងទៅ ដែលមានចំនួន ៤១១នាក់។

បាតុករ ដែលពាក់អាវកាក់ពណ៌លឿង បាននាំគ្នាចុះ នៅតាមបណ្ដាផ្លូវសំខាន់ៗ នៃរដ្ឋធានី​ប៉ារីស ជាថ្មីទៀត នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីជំទាស់​នឹង​ការកែទម្រង់​ជាច្រើន របស់រដ្ឋាភិបាលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។

នៅលើមហាវិថី «Champs-Elysées» ដែលក្នុងថ្ងៃធម្មតា សម្បូរដោយទេសចរណ៍នោះ បណ្ដាជនអាវកាក់លឿងរាប់ពាន់នាក់ កំពុងប្រមូលផ្ដុំគ្នា ហើយភាពតានតឹង ត្រូវបានរាយការណ៍ថា បានកើតឡើង នៅមុននេះបន្តិច។ កងកម្លាំងនគរបាល បានបាញ់គ្រាប់បែកបង្ហូរទឹកភ្នែក ចូលទៅក្នុងហ្វូងបាតុករ ដើម្បីទប់ឲ្យពួកគេដកថយ ចេញពីបណ្ដាផ្លូវតូចៗ ដែលនៅជាប់នឹងមហាវិថី។

រីឯនៅលើថ្នល់ល្បឿនលឿន ដែលព័ទ្ធជុំវិញរដ្ឋធានី នៅត្រង់ចំណុច «Porte Maillot» ក្រុមបាតុករ ដែលពាក់អាវកាក់លឿង បានប្រមូលគ្នា ដើម្បីរារាំងចរាចរណ៍ បង្កឲ្យមានការកកស្ទះ រាប់សិបនាទី នៅក្នុងតំបន់នោះ។ កងកម្លាំងនគរបាល បានព្យាយាមចូលធ្វើអន្តរាគមន៍ ដើម្បីបំបែកការរារាំងនេះ។

នៅក្នុងការថ្លែងដដែលនោះ លោកនាយករដ្ឋមន្ត្រី អេឌូអារ ហ្វីលីព បានអំពាវនាវជាថ្មីទៀត ឲ្យបាតុករវិលត្រឡប់ មករកតុចរចាវិញ ប៉ុន្តែលោកថា ការចរចាដែលអាចមានដំណោះស្រាយ លុះត្រាណាតែបាតុករ មានឆន្ទះពិតប្រាកដ ក្នុងការជជែក និងមិនបង្កឲ្យមានអំពើហិង្សា៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។