ដំណឹង

ដូណាល់ ត្រាំ ហៅ​អតីត​រដ្ឋមន្ត្រី​ការបរទេស ថា​ជា​មនុស្ស​«ល្ងីល្ងើ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្ម ក្នុងយប់ថ្ងៃសុក្រ (ត្រូវជាព្រឹកថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា)នេះ ទៅនឹងការលើកឡើង របស់លោក «Rex Tillerson» អតីតរដ្ឋមន្ត្រីការបរទេស ដែលត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែង កាលពីចុងខែមីនា ឆ្នាំ២០១៨កន្លងមក។

លោក ត្រាំ បានហៅលោក «Rex Tillerson» ថាជាមនុស្ស«ល្ងីល្ងើ» ដូចដុំថ្ម និងជាមនុស្ស«កំជិល»។

នៅលើបណ្ដាញសង្គមទ្វីសធើរ ប្រធានាធិបតីអាមេរិក បានសរសេរឡើងថា៖ «“Mike Pompeo” កំពុងធ្វើការងារ ដ៏អស្ចារ្យមួយ។ ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះគាត់។ អ្នកកាន់តំណែងមុនគាត់ គឺលោក “Rex Tillerson” មិនមានសមត្ថភាព​គ្រប់គ្រាន់ ផ្នែកសតិអារម្មណ៍ទេ។»។

លោក ត្រាំ បន្តថា៖ «គាត់ (Rex Tillerson) ជាមនុស្សល្ងីល្ងើ ដូចដុំថ្ម ហើយខ្ញុំគួរតែ បណ្ដេញគាត់ចេញ ឲ្យបានលឿនជាងនេះ។ គាត់ជាមនុស្សកំជិល ជាងអ្វីទាំងអស់»។

មុននេះបន្តិច ក្នុងថ្ងៃសុក្រដដែល លោក «Rex Tillerson» បានផ្ដល់បទសម្ភាស ទៅឲ្យបណ្ដាញទូរទស្សន៍ «CBS» រៀបរាប់ថា លោក ដូណាល់ ត្រាំ ជាមនុស្សពិបាកគ្រប់គ្រង គ្មានសណ្ដាប់ធ្នាប់ និងតែងត្រូវបានគេល្បួង ឲ្យប្រព្រឹត្តិទង្វើខុសច្បាប់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។