សិទ្ធិធ្វើបាតុកម្មក្នុងប្រទេសបារាំង «រងការរឹតត្បិត ដោយគ្មានតុល្យភាពត្រឹមត្រូវ» នេះបើតាមការអះអាងឡើង ក្នុងរបាយការណ៍មួយ របស់ក្រុម«អ្នកជំនាញ»ឯករាជ្យ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីវាយតម្លៃ ពីបាតុកម្មរយៈពេល៣ខែកន្លងមក នៃក្រុមអាវកាក់លឿងបារាំង។
របាយការណ៍របស់អ្នកជំនាញទាំងនោះ បានលើកឡើងថា៖
«អាជ្ញាធរ[បារាំង] គួរគិតឡើងវិញ ពីគោលនយោបាយរបស់ខ្លួន ដោយត្រូវរក្សាសណ្ដាប់ធ្នាប់ ក្នុងគោលដៅធានាឲ្យបាន នូវការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ។»
«តាំងពីចលនាបាតុកម្ម [របស់ក្រុមអាវកាក់លឿង] បានចាប់ផ្ដើមដំបូង នៅខែវិច្ឆិកា ឆ្នាំ២០១៨មកនោះ យើងបានទទួលរបាយការណ៍ដ៏ធ្ងន់ធ្ងរ ជាច្រើនករណី ពីការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ។ បណ្ដាជនច្រើនជាង ១៧០០នាក់ បានរងរបួស នៅក្នុងបាតុកម្មដែលត្រូវបានរៀបចំធ្វើ នៅទូទាំងប្រទេស។»
មន្ត្រីឯករាជ្យនៃអង្គការសហប្រជាជាតិ បានអះអាងបន្តថា៖
«ការរឹតត្បិតដែលដាក់ទៅលើសិទ្ធិទាំងនោះ បានបង្កើនឡើង នូវចំនួនបណ្ដាជន ដែលត្រូវឃាត់ខ្លួន និងដែលត្រូវបញ្ជូនទៅឃុំ – នូវការឆែកឆេរ និងការរឹបអូសនូវសម្ភារៈ របស់ក្រុមបាតុករ ក៏ដូចជាការបង្ករបួសស្នាមធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការប្រើប្រាស់អាវុធ (ដែលគ្មានគ្រាប់ផ្ទុះ និងគ្មានបំណងឲ្យជនរងគ្រោះស្លាប់) គ្រាប់បែកបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់គ្រាប់ជ័រ។»
ក្រុមអ្នកជំនាញបានសំដែង ពីការព្រួយបារម្ភរបស់ពួកគេ នៅចំពោះគម្រោងច្បាប់ ស្ដីពី«ការប្រឆាំងជនបំផ្លាញ» ដែលមកដល់ពេលនេះ នៅមិនទាន់ត្រូវបានអនុម័តនៅឡើយ។ មន្ត្រី អ.ស.ប បានពន្យល់ថា ច្បាប់ខាងលើ ដែលមានទិសដៅ ដើម្បីទប់ស្កាត់អំពើហិង្សា នៅពេលមានបាតុកម្មម្ដងៗ និងដាក់កំហិតទៅលើជនដៃដល់នោះ មិនស្របតាមកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ខណៈប្រទេសបារាំងក៏ជាសមាជិកមួយ នៃកតិកាសញ្ញានេះដែរ៕