បារាំង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ បើតាមដំណឹងមួយ របស់សារព័ត៌មានបារាំង ឈ្មោះ «Nouvel Observateur» ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច។

សារព័ត៌មានបានអះអាងថា លោក គ្រីស្ដូហ្វ៍ បានធ្លាក់ខ្លួនឈឺសួត ដ៏រាំរ៉ៃ និងបានចូលសម្រាក ក្នុងមន្ទីរពេទ្យ «Cochin» នៃរដ្ឋធានីប៉ារីស តាំងពីថ្ងៃទី២៦ ខែមីនាកន្លងមក។ បន្ទាប់មក លោកត្រូវបានបញ្ជូនទៅក្រុង ប្រ៊េស (Brest – ភាគខាងលិចបារាំង) ហើយបានទទួលមរណភាព នាទីនោះ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ដោយមានការជូនដំណើរ ពីកូនស្រីរបស់លោក ឈ្មោះ «Lucie» នោះផង។

ចម្រៀង «អាលីន – Aline» ដ៏ពិរោះនិងដ៏ល្បីល្បាញ ត្រូវបានលោក គ្រីស្ដូហ្វ៍ បកស្រាយជាលើកដំបូង នៅឆ្នាំ១៩៦៥ នៅពេលដែលលោកមានអាយុ ២០ឆ្នាំ។ មួយបទនេះ ធ្វើឲ្យថាសចម្រៀងរបស់លោក ប្រមាណជា ៣,៥លានថាស ត្រូវបានលក់ដាច់ ភ្លាមៗ។

បទ«អាលីន»នេះ ត្រូវបានបកប្រែជាខេមរភាសា និងបកស្រាយ ដោយអ្នកចម្រៀងជាច្រើន។ ការបកស្រាយដំបូងគេ ដែលគួរឲ្យកត់សម្គាល់ គឺជាសម្លេងរបស់លោក ហួរ ឡាវី ដែលគេស្គាល់ថា ជាកំពូល​អ្នកចម្រៀង​សម្លេងស្អក របស់កម្ពុជា៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។