បារាំង

រូបភាព​ចុងក្រោយ នៅ​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បង្ក្រាប

ការតាមប្រមាញ់ជនសង្ស័យ ដែលមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ ជនសង្ស័យ ជាខ្មាន់កាំភ្លើង ឈ្មោះ «Chérif Chekatt» ត្រូវបានអាជ្ញាធរបង្ក្រាប ដោយបានបាញ់សម្លាប់ នៅនឹងកន្លែង។

រដ្ឋអាជ្ញាបារាំង ដែលទទួលបន្ទុកស៊ើបអង្កេត ក្នុងរឿងនេះ បានអះអាងថា ជនសង្ស័យបានបើកការបាញ់ប្រហារមុន មកលើកងកម្លាំងនគរបាល ដែលបានហៅជននេះ ដើម្បីធ្វើការត្រួតពិនិត្យ ក្រោយពីទទួលបាន​ការរាយការណ៍ ពីពលរដ្ឋ។ តែជននេះ បានដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់សំដៅក្រុមនគរបាល ដែលជាហេតុធ្វើឲ្យកងកម្លាំង ត្រូវតបតរវិញ។

បើតាមការប្រកាសមួយ របស់ទីភ្នាក់ងារឃោសនា «Amaq» របស់អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បុរសឈ្មោះ «Chérif Chekatt» អាយុ២៩ឆ្នាំខាងលើ គឺជាយុទ្ធជនរបស់ខ្លួន។

ទីភ្នាក់ងារឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម បានពន្យល់ថា ជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្រហារ កាលពីយប់ថ្ងៃអង្គារ គឺដើម្បីឆ្លើយតប នឹង«ការអំពាវនាវ របស់ក្រុមខ្លួន [ក្រុមរដ្ឋអ៊ីស្លាម] ឲ្យវាយប្រហារ ទៅលើប្រទេសមួយចំនួន  ដែលជាមុខសញ្ញាឃុបឃិតគ្នា ក្នុងសម្ព័ន្ធភាពអន្តរជាតិ សម្រាប់ធ្វើការវាយប្រហារ ទៅលើក្រុមរដ្ឋអ៊ីស្លាម នាប្រទេសស៊ីរី និងអៀរ៉ាក់»។

ប៉ុន្តែការប្រកាសរបស់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្ដូហ្វ៍ កាស្ដាណេរ (Christophe Castaner) ច្រានចោល ដោយហៅសេចក្ដីប្រកាសនោះ គ្រាន់តែជាការឆ្លៀតឱកាស របស់អង្គការភេរវនិយម មួយនេះប៉ុណ្ណោះ

ខាងក្រោមនេះ ជារូបភាពនៅពេលបុរស «Chérif Chekatt» ត្រូវបានបាញ់​សម្លាប់ ហើយដែល​ត្រូវបាន​សារព័ត៌មាន​មួយ ក្នុងប្រទេស​ប៊ែលហ្សិក យកទៅ​ផ្សព្វផ្សាយ​ដំបូងគេ៖

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។