ការផ្ទុះមួយ បានកើតឡើងនៅល្ងាចថ្ងៃសុក្រនេះ ក្នុងក្រុងលីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅលើដងផ្លូវសម្រាប់អ្នកថ្មើរជើង (សង្កាត់លេង២)។ តុល្យភាព ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលតំបន់ បានអះអាងថា មនុស្ស៨នាក់បានរងរបួសស្រាល និងភាគច្រើនពីក្នុងចំណោមនោះ បានរងរបួសនៅនឹងជើង។
បណ្ដាអ្នករងរបួស ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកចិត្តទុកដាក់ភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១៧ និង៣០នាទី កញ្ចប់មួយដែលត្រូវបានយកមកផ្លុងចោល នៅខាងមុខហាងលក់នំប័ងមួយកន្លែង បានផ្ទុះឡើង។ កញ្ចប់នោះ មានសុទ្ធតែដែកគោល និងដែកខ្ចៅខ្ចង។
នគរបាលសង្ស័យការបំផ្ទុះនេះ មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម។ អ្នកនាំពាក្យស្ថាប័នអយ្យការ ប្រចាំតំបន់បានថ្លែងឡើងថា៖
«យើងសង្កត់ធ្ងន់ទិសដៅរបស់យើង ទៅលើកញ្ចប់មួយនេះ ដែលត្រូវបានយកមកបន្លំ ដាក់ដើម្បីបំផ្ទុះ។»
ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានស្រង់ប្រភពមួយ ស្និតនឹងសំនុំរឿង យកមករាយការណ៍ថា បុរសម្នាក់អាយុរវាង៣០ និង៣៥ឆ្នាំ ដែលជិះកង់ កំពុងត្រូវបានកងកម្លាំងអាជ្ញាធរ តាមស្វែងរក។ ក្រៅពីសាក្សីបានឃើញដោយផ្ទាល់ភ្នែក បុរសម្នាក់នេះក៏ត្រូវបានថតជាប់ ដោយវីដេអូសុវត្ថិភាព នៅទីនោះដែរ។
ផ្នែកជំនាញប្រឆាំងភេរវកម្ម នៃស្ថាប័នអយ្យការ នៅឯរដ្ឋធានីប៉ារីស ត្រូវបានចាត់ឲ្យទទួលបន្ទុក ក្នុងការស៊ើបអង្កេត អំពីសំណុំរឿងខាងលើ។ លោករដ្ឋអាជ្ញា «Rémy Heitz» និងលោករដ្ឋមន្ត្រីមហាផ្ទៃ «Christophe Castaner» នឹងត្រូវធ្វើដំណើរដោយផ្ទាល់ មកដល់ក្រុងលីយ៉ុងទាំងយប់ ថ្ងៃសុក្រនេះ៕