បារាំង

ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់  ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) បានថ្លែង​កាលពីយប់ម៉ិញថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៩ និង៥០នាទី ខណៈខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរស្គាល់អត្តសញ្ញាណ និងកំពុងស្ថិតក្រោមការប្រមាញ់​។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ទាហានបារាំងមួយក្រុម ដែលកំពុងដើរល្បាត នៅក្នុងតំបន់ បានប្រទះខ្មាន់កាំភ្លើង នៅពេលដែលជននេះ កំពុងរត់គេខខ្លួន ហើយបានព្យាយាម​ធ្វើអន្តរាគមន៍ ដោយផ្ទុះអាវុធ ដើម្បីចាប់ឃាត់ខ្លួន ឬបង្ក្រាបជនសង្ស័យ ឲ្យបាននៅនឹងកន្លែង។ រវាងពីម៉ោង ២០ និង២០នាទី ដល់ម៉ោង២១ ខ្មាន់កាំភ្លើងបានពើប ជាមួយកងកម្លាំងអាជ្ញាធរ ដោយធ្វើការផ្ទុះអាវុធពីរដង។ ទាហានម្នាក់ ពីក្នុងចំណោមនោះ បានរងរបួសស្រាល នៅត្រង់ដៃ។

ប្រភពពីនគរបាល ដែលស្រង់សំដីដោយទូរទស្សន៍​បារាំង «BFMTV» បានឲ្យដឹងថា ជនសង្ស័យ បានគេចខ្លួន តាមរយៈរថយន្ដតាក់ស៊ីមួយ ដោយផ្ជង់អ្នកបើកបរ ឲ្យធ្វើតាមខ្លួន។ អ្នកបើកបររូបនោះ បានប្រាប់អាជ្ញាធរ បន្ទាប់ពីបានរួចជីវិត​មកវិញថា ខ្មាន់កាំភ្លើង មានរបួសនៅត្រង់ដៃឆ្វេង។

នៅវេលាម៉ោង២០ និង៤៥នាទី អាជ្ញាធរបានសម្រុកចូល ទៅក្នុងលំនៅដ្ឋានរបស់ខ្មាន់កាំភ្លើង ដែលស្ថិតក្នុងសង្កាត់ «Neudorf» នៃក្រុងស្ត្រាស្បួរ៍ ប៉ុន្តែជនសង្ស័យ មិននៅទីនោះទេ។

មានដើមកំណើត នៅក្នុងក្រុងស្ត្រាស្បួរ៍ នេះតែម្ដង បុរសខ្មាន់កាំភ្លើង ធ្លាប់ត្រូវបាននគរបាលស្គាល់រួចហើយ ទាក់ទងនឹងការប្រព្រឹត្តិបទល្មើស និងសកម្មភាពធ្វើខ្លួន ឲ្យក្លាយជាមូស្លីមនិយមជ្រុល។ បុរសរូបនេះ ត្រូវបានដាក់ចូល ក្នុងបញ្ជី នៃជនដែលមានគ្រោះថ្នាក់បំផុត (Fiché S)។

គេចខ្លួន​រួច​ពីការរក​ចាប់ខ្លួន ក្នុង​ពេល​ព្រឹក និង​ត្រឡប់​មក​បាញ់​ប្រហារ​នៅ​ពេល​យប់

ទូរទស្សន៍ «BFMTV» បានស្រង់ប្រភពនគរបាល មកបញ្ជាក់ទៀតថា នគរបាលត្រូវចាប់ខ្លួនជននេះ តាំងពីព្រឹកថ្ងៃអង្គារ ជុំវិញការប្លន់ប្រដាប់អាវុធមួយ ដែលកើតឡើង ក្នុងរដូវក្ដៅកន្លងមក។ កងកម្លាំងរបស់អាជ្ញាធរ បានចូលទៅឆែកឆេរ លំនៅដ្ឋានរបស់ជននេះ  នៅពេលព្រឹក តែជនសង្ស័យមិនមានវត្តមាន នៅក្នុងផ្ទះទេ។ នៅពេលនោះ អាជ្ញាធរបានរកឃើញ កាំភ្លើងខ្លី ប្រភេទ ១១មីលីម៉ែត្រ មួយគ្រឿង និងគ្រាប់បែកមួយគ្រាប់។

ការិយាល័យអយ្សការ នៃរដ្ឋធានីប៉ារីស ឯកទេសខាងប្រឆាំងភេរវកម្ម បានប្រកាស បើកការស៊ើបអង្កេតមួយឡើង នៅក្នុងសំណុំរឿងខាងលើ ពីបទធ្វើមនុស្សឃាត ការប៉ុនប៉ងធ្វើមនុស្សឃាត់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមភេរវជន។ ប្រទេសបារាំងទាំងមូល ត្រូវបានតម្លើងកម្រិតការពារសន្តិសុខ ដល់កម្រិតបន្ទាន់មួយ ដើម្បីទប់ទល់នឹងភេរកម្ម ដោយធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅតាមខ្សែបន្ទាត់ព្រំដែន។

ក្នុងក្រុងស្ត្រាស្បួរ៍ ផ្សារលក់ទំនិញណូអែល (Noël) ដែលរងការប៉ះពាល់ ត្រូវបានបិទ ក្នុងថ្ងៃពុធនេះ ហើយកម្មវិធីបុណ្យកំសាន្ដទាំងឡាយ ត្រូវបានលប់ចោល។ កាលពីយប់ម៉ិញ សាលកីឡាធំៗ ចំនួនពីរ ត្រូវបានរៀបចំ ដើម្បីទទួលបណ្ដាជនទាំងឡាយ ឬទេសចរណ៍ ដែលមិនអាចវិលត្រឡប់​ ទៅលំនៅដ្ឋាន របស់ផងខ្លួនវិញបាន។ នៅស្ថានីយ​អាយស្ម័យាន​ក្រុង ក៏មានការទទួល ឲ្យស្នាក់នៅដែរ ចំពោះរាល់អ្នកដំណើរទាំង​ឡាយ​ណា ដែល​បាន​ខកខាន​ជើង​ធ្វើដំណើរ​របស់ខ្លួន ដោយសារ​តែហេតុការណ៍​ភេរវកម្ម​នេះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។