បារាំង

បារាំង៖ «កាត់ក»​គ្រូបង្រៀនម្នាក់ បន្ទាប់ពី​បង្ហាញរូបត្លុក​«មហាមេដ»

គ្រូបង្រៀន«ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា»ម្នាក់ ត្រូវបានសម្លាប់ ដោយ«កាត់ក» កាលពីថ្ងៃសុក្រ បន្ទាប់ពីបាន​បង្ហាញ​រូបត្លុក «មហាមេដ (Mahomet – ព្យាការីសាសនាអ៊ីស្លាម)» ទៅដល់​កូនសិស្ស ក្នុងថ្នាក់របស់ខ្លួន កាលពីជាង១០ថ្ងៃមុន។

ហេតុការណ៍បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីអនុវិទ្យាល័យ «Bois d’Aulne» នៃក្រុង «Conflans-Sainte-Honorine» ស្ថិតក្នុងតំបន់ជាយក្រុង ភាគពាយ័ព្យ​នៃរដ្ឋធានីប៉ារីស។ ជនដៃដល់ក្នុង​ឃាតកម្មនេះ ត្រូវបាន​នគរបាលបាញ់សម្លាប់ នៅល្ងាចថ្ងៃសុក្រដដែលនោះ ក្នុងក្រុងមួយ​ទៀត ដែលស្ថិតនៅជាប់ក្រុង «Conflans-Sainte-Honorine»។

ការបង្ហាញរូបត្លុក«មហាមេដ»នោះ ត្រូវបានជនរងគ្រោះធ្វើឡើង ជាមួយកូនសិស្ស​របស់​ខ្លួន កាលពីថ្ងៃទី៥ ខែតុលា ក្នុងថ្នាក់ទី៤  ក្រោម​ប្រធានបទ «សេរីភាព​នៃការបញ្ចេញ​មតិ»។ តែពីរថ្ងៃក្រោយមក រូបភាពនោះត្រូវបានឪពុកកូនសិស្សមួយរូប យកទៅបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានសង្គ្រាមសំដី​ផ្ទុះឡើង។

បើតាមលោក «Jean-François Ricard» រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ជំនាញខាង​ប្រឆាំង​ភេរវកម្ម បានឲ្យដឹង​ថា ជនដៃដល់អាយុ១៨ឆ្នាំ គឺជា​ជនអន្តោប្រវេស កើតនៅ​រដ្ឋធានីម៉ូស្គូ មាន​សញ្ជាតិរ៉ុស្ស៊ី និងមានដើមកំណើត ឆេកឆិន។ យុវជនរូបនេះ មិនធ្លាប់​ត្រូវបាន​អាជ្ញាធរ​សង្ស័យ​ពីមុនមកទេ និងមាន​ក្រដាស​ស្នាម រស់នៅត្រឹមត្រូវ ក្នុងទឹកដី​បារាំង។

សារព័ត៌មានក្នុង​ប្រទេស​បារាំង បានរាយការណ៍ថា ជនដៃដល់​​ទំនងជា​បាន​​ឃើញរូបភាព​ខាង​លើ ដែល​បង្ហោះ​នៅលើបណ្ដាញសង្គម ហើយបានរៀបចំ​គម្រោងភេរវកម្ម​មួយនេះ​ឡើង។ ក្នុងទំព័រទ្វីសធើរមួយ ដែលអាជ្ញាធរអះអាងថា ជាកម្មសិទ្ធិរបស់ជនដៃដល់ មាន​បង្ហោះ​សារផ្សារភ្ជាប់ ទៅនឹងព្យាការី «មហាមេដ»។

ជនរងគ្រោះ ដែលជាសាស្ត្រាចារ្យ ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា មានអាយុ៤៧ឆ្នាំ និងត្រូវបាន​គេស្គាល់​ឈ្មោះ «Samuel Paty»។ លោកត្រូវបានឃាតករកាត់ក នៅពេលលោកចេញ​ពីសាលា និងកំពុងធ្វើដំណើរ វិលត្រឡប់​ទៅផ្ទះវិញ។

លោករដ្ឋអាជ្ញាបារាំងបានបន្តថា៖

«បើតាមព័ត៌មានជំហានដំបូង ឲ្យដឹងថា ជនដៃដល់បានស្ថិត នៅខាងមុខអនុវិទ្យាល័យ ក្នុងពេលរសៀល ថ្ងៃសុក្រ ហើយបានសួររកលោកសាស្ត្រាចារ្យ ទៅកាន់បណ្ដាកូនសិស្ស។»

លោកអះអាងទៀតថា មកដល់យប់ថ្ងៃសៅរ៍នេះ មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ ក្នុងនោះក៏មានឪពុកកូនសិស្ស ដែលបានបង្ហោះរូបថតដំបូង នៅលើ​បណ្ដាញសង្គមនោះដែរ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។