នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានប្រកាសក្នុងថ្ងៃពុធនេះ អំពីការបើកប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ នូវគម្រោងស្ថាបត្យកម្ម ដើម្បីសង់«កំពូល»ចុងស្រួច នៃព្រះវិហារ «Notre-Dame» ដែលត្រូវបានលេបត្របាក់ ដោយអណ្ដាតភ្លើង កាលពីយប់ថ្ងៃចន្ទ។
ថ្លែងនៅពេលចេញពីកិច្ចប្រជុំ របស់គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលបារាំង កាលពីមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កម្មវត្ថុនៃការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិនេះ គឺចង់ផ្ដល់ជូនសម្រាប់ព្រះវិហារ «Notre-Dame» នូវកំពូលចុងស្រួចថ្មីមួយ ដែលអាចសម្រប ទៅតាមបច្ចេកទេសថ្មី តែនៅតែរក្សាបាន នូវរចនាបទដើម នៃសម័យកាលសាងសង់ដំបូង របស់ព្រះវិហារ។
កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី ក្នុងថ្ងៃនេះ ដែលធ្វើឡើង ក្នុងវិមានប្រធានាធិបតី «អេលីហ្សេ» បានឧទ្ធិស របៀបវារៈរបស់ខ្លួនទាំងស្រុង ទៅនឹងព្រះវិហារ «Notre-Dame» ដែលមួយផ្នែកធំត្រូវបានឆេះបំផ្លាញ ដោយអគ្គិភ័យ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាស កាលពីយប់ថ្ងៃអង្គារម្សិលម៉ិញ ថាលោកចង់ឲ្យមហាគ្រឹះដ៏ល្បីមួយនេះ ត្រូវបានជុសជុលហើយ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខ៕